ជន​ទាំងឡាយ​ជាច្រើន នាំ​ចីវរ បិណ្ឌបាត និង​ទីដេក ទី​អង្គុយ​ចូល​មក ដូចជា​រលក​ក្នុង​សាគរ។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងអស់ ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​ជា​ស្រី​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​មេ​ដំរី​កាត់ផ្ដាច់​នូវ​ទន្លីង។ ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​ដ៏​ប្រសើរ វិជ្ជា ៣ ខ្ញុំ​បានសម្រេច​ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។ ខ្ញុំ​ដល់​នូវ​សេចក្ដីទុក្ខ​ច្រើនប្រការ​ផង នូវ​សម្បត្តិ​ច្រើនប្រការ​ផង នូវ​ភាវនា​ស្អាត​ផង ហើយ​បាន​នូវ​សម្បទា​ទាំងពួង។ បុគ្គល​ណា ឲ្យ​ខ្លួន​របស់​ខ្លួន ដល់​ព្រះពុទ្ធ​មហេសី ដើម្បី​ប្រយោជន៍​ដល់​បុណ្យ សហាយ​សម្បទា និង​ចំណែក​នៃ​ព្រះនិព្វាន មិន​មាន​បច្ច័យ​តាក់តែង រមែង​មានដល់​បុគ្គល​នោះ។ កិលេសជាត ជា​អតីត​ក្ដី ជា​បច្ចុប្បន្ន​ក្ដី ជា​អនាគត​ក្ដី អស់រលីង​ហើយ កម្ម​ទាំងពួង​របស់ខ្ញុំ​អស់ហើយ បពិត្រ​ព្រះអង្គ​មាន​បញ្ញាចក្ខុ ខ្ញុំ​សូម​ក្រាប​ថ្វាយបង្គំ​ព្រះ​បាទា។
ថយ | ទំព័រទី ១៨៧ | បន្ទាប់