កម្ម​ដែល​យើងខ្ញុំ​បាន​សន្សំ បាន​ធ្វើ​ហើយ​ក្នុង​ជាតិ​ជាមួយគ្នា ក្នុង​បច្ឆិមជាតិ យើងខ្ញុំ​ក៏​កើត​ក្នុង​ខត្តិយ​ត្រកូល​ជាមួយគ្នា។ បពិត្រ​ព្រះអង្គ មាន​ព្យាយាម​ធំ យើងខ្ញុំ​មាន​រូបល្អ ទាំង​មាន​ភោគ​សម្បត្តិ​ច្រើន ទាំង​មាន​លាភៈ និង​គ្រឿង​សក្ការៈ ត្រូវ​ពួក​ជន​បូជា​ហើយ នៅក្នុង​ព្រះរាជវាំង បីដូច​ជា​នៅ​ក្នុង​នន្ទ​នឧទ្យាន​នៃ​ពួក​ទេវតា។ យើងខ្ញុំ​ទាំងអស់គ្នា នឿយណាយ ហើយ​ចេញ​ចាក​ផ្ទះ ចូល​ទៅកាន់​ផ្នួស នៅ​អាស្រ័យ​ត្រឹមតែ​ពីរបី​ថ្ងៃ ក៏បាន​ដល់​ព្រះនិព្វាន។ ជន​ទាំងឡាយ​ដ៏​ច្រើន តែង​បង្អោន​នូវ​ចីវរប្បច្ច័យ​ផង បិណ្ឌបាតប្បច្ច័យ​ផង សេនាសនប្បច្ច័យ​ផង ដើម្បី​យើងខ្ញុំ បូជា​នូវ​គ្រឿង​សក្ការៈ​ដល់​យើង​ខ្ញុំ​សព្វៗកាល។ កិលេស​ទាំងឡាយ យើងខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងអស់ យើងខ្ញុំ​ក៏​ដក​ចោល​ហើយ យើងខ្ញុំ​ជា​បុគ្គល​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​មេ​ដំរី​កាត់ផ្ដាច់​នូវ​ទន្លីង។ ឱ! យើងខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​ដ៏​ប្រសើរ វិជ្ជា ៣ យើងខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ យើងខ្ញុំ​បាន​ធ្វើ​ហើយ។
ថយ | ទំព័រទី ២០៤ | បន្ទាប់