ខ្ញុំជាសំឡាញ់នៃធីតាទាំងនោះ មានចិត្តតម្កល់មាំក្នុងសីល ឲ្យនូវទានទាំងឡាយដោយគោរព ប្រព្រឹត្តនូវវត្តក្នុងផ្ទះ។ ដោយកុសលកម្មដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់នូវសេចក្តីប្រាថ្នានោះផង លុះខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តឹង្ស។ ខ្ញុំច្យុតអំពីឋាននោះមក ក៏បានទៅកើតក្នុងឋានយាមៈ លុះច្យុតអំពីឋានយាមៈនោះ បានទៅកើតក្នុងឋានតុសិត លុះច្យុតអំពីតុសិតនោះ បានទៅកើតក្នុងឋាននិម្មានរតី លុះច្យុតអំពីនិម្មានរតីនោះ បានទៅកើតក្នុងវសវត្តីបុរី។ ខ្ញុំជាស្រីប្រកបដោយបុញ្ញកម្មនោះ ទៅកើតក្នុងឋានណាៗ តែងបាននូវភាពជាមហេសីរបស់ស្តេចទាំងឡាយ ក្នុងឋាននោះៗ។ លុះខ្ញុំច្យុតអំពីអត្តភាពនោះហើយ បានមកកើតជាមនុស្ស ក៏បាននូវភាពជាមហេសីនៃស្តេចចក្រពត្តិទាំងឡាយផង នៃស្តេចដែលមានមណ្ឌលទាំងឡាយផង។ ខ្ញុំទទួលនូវសម្បត្តិក្នុងទេវតាទាំងឡាយផង ក្នុងមនុស្សទាំងឡាយផង ជាស្រ្តីមានសេចក្តីសុខ ក្នុងទីទាំងពួង អនោ្ទលទៅអស់ច្រើនជាតិ។