បញ្ច​ទីប​ទាយិកា​ថេ​រិយា​បទាន ទី៥


 [១៥] ក្នុង​កាលនោះ ខ្ញុំ​ជា​ស្រី​អ្នកដំណើរ នៅក្នុង​នគរ​ហង្ស​វតី ខ្ញុំ​ជា​ស្រី​ត្រូវការ​ដោយ​កុសល តែង​ដើរទៅ​រក​អារាម ទៅ​រក​វិហារ។ ខ្ញុំ​បានឃើញ​ដើមពោធិ​ព្រឹក្ស​ដ៏​ឧត្តម ក្នុង​ថ្ងៃ​កាឡ​ប័ក្ខ ហើយ​ញ៉ាំង​ចិត្ត​ឲ្យ​ជ្រះថ្លា​ចំពោះ​ពោធិព្រឹក្ស​នោះ ក៏​អង្គុយ​នៅ​ក្បែរ​គល់​នៃ​ពោធិព្រឹក្ស។ ខ្ញុំ​តម្កល់ចិត្ត​គោរព ធ្វើ​នូវ​អញ្ជលី​លើ​សិរ្សៈ ហើយ​រង​នូវ​សោមនស្ស ក៏​គិត​យ៉ាងនេះ ក្នុងខណៈនោះ​ថា បើ​ព្រះពុទ្ធ​មានគុណ​រាប់​មិនបាន មិន​មាន​បុគ្គល​ផ្ទឹម​ស្មើ​មែន សូមឲ្យ​ពោធិព្រឹក្ស​នេះ សម្តែង​នូវ​បាដិហារ្យ​ដល់​អាត្មាអញ គឺ​សូមឲ្យ​ពោធិព្រឹក្ស​ភ្លឺស្វាង។ ដំណាលគ្នា​នឹង​ខ្ញុំ​កំពុង​ពិចារណា ពោធិព្រឹក្ស​ក៏​ភ្លឺស្វាង ក្លាយទៅជា​ពណ៌​មាស​ទាំងអស់ ទិស​ទាំងពួង​ក៏​រុងរឿង​ក្នុងខណៈនោះ។ ខ្ញុំ​អង្គុយ​ក្បែរ​គល់​ពោធិព្រឹក្ស​នោះ អស់ ៧ ថ្ងៃ ៧ យប់ ដល់​ថ្ងៃទី ៧ ខ្ញុំ​បាន​បូជា​ប្រទីប។
ថយ | ទំព័រទី ៣៦ | បន្ទាប់