បពិត្រព្រះអង្គ ជាមហាវីរបុរស ទ្រង់មានបញ្ញាចក្ខុ សម្បុររបស់ខ្ញុំម្ចាស់ដូចជាសម្បុរនៃផ្កាឧប្បល ខ្ញុំម្ចាស់មានឈ្មោះថាឧប្បលវណ្ណា ជាធីតារបស់ព្រះអង្គ សូមថ្វាយបង្គំព្រះបាទា។ ព្រះរាហុលត្ថេរ និងខ្ញុំម្ចាស់ ធ្លាប់កើតក្នុងភពតែមួយ អស់រយនៃជាតិជាច្រើន ជាអ្នកមានចិត្ត និងឆន្ទៈស្មើគ្នា។ ការកើតឡើងក្នុងទីជាមួយគ្នាក៏មាន ក្នុងជាតិជាមួយគ្នាក៏មាន លុះដល់បច្ឆិមភព ជនទាំងពីរនាក់ កើតដោយឈ្មោះ (ផ្សេងគ្នា)។ ព្រះរាជបុត្រ បានមកជាកុមារឈ្មោះរាហុល ខ្ញុំម្ចាស់បានមកជាធីតាឈ្មោះ ឧប្បលវណ្ណា បពិត្រព្រះអង្គជាវីរបុរស សូមព្រះអង្គទតឫទ្ធិនៃខ្ញុំម្ចាស់ចុះ ខ្ញុំម្ចាស់នឹងសម្ដែងកម្លាំងថ្វាយព្រះសាស្ដា។ នាងឧប្បលវណ្ណា ដាក់មហាសមុទ្រទាំង ៤ លើផ្ទៃបាតដៃ ហាក់ដូចកូនក្មេងលេងប្រេង ដែលតាំងនៅលើបាតដៃ។ នាងឧប្បលវណ្ណា ឆ្កិះផែនដីដាក់លើផ្ទៃបាតដៃ ដូចជាក្មេងជំទង់ដកនូវស្មៅយាប្លងដ៏វិចិត្រ។