[៣១៦] ពួកធម៌ជាអកុសល តើដូចម្តេច។ អកុសលចិត្ត ច្រឡំដោយឧបេក្ខា ប្រកបដោយទិដ្ឋិ មានរូបជាអារម្មណ៍ក្តី មានសំឡេងជាអារម្មណ៍ក្តី មានក្លិនជាអារម្មណ៍ក្តី មានរសជាអារម្មណ៍ក្តី មានផោដ្ឋព្វៈជាអារម្មណ៍ក្តី មានធម៌ជាអារម្មណ៍ក្តី ឬក៏ ប្រារព្ធអារម្មណ៍ ណា ៗ កើតឡើងហើយ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ ឧបេក្ខា ឯកគ្គតារបស់ចិត្ត វីរិយិន្ទ្រិយ សមាធិន្ទ្រិយ មនិន្ទ្រិយ ឧបេក្ខិន្ទ្រិយ ជីវិតិន្ទ្រិយ មិច្ឆាទិដ្ឋិ មិច្ឆាសង្កប្បៈ មិច្ឆាវាយាមៈ មិច្ឆាសមាធិ វីរិយពលៈ សមាធិពលៈ អហិរិកពលៈ អនោត្តប្បពលៈ លោភៈ មោហៈ អភិជ្ឈា មិច្ឆាទិដ្ឋិ អហិរិកៈ អនោត្តប្បៈ សមថៈ បគ្គាហៈ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ ឬក៏ ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអកុសល។