ចិត្ត សេចក្តីដឹងអារម្មណ៍ សេចក្តីប្រាថ្នា ហ្ឫទ័យ ធម្មជាតិផូរផង់ គឺភវង្គចិត្ត ហៅថាមនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដ៏សមគួរដល់ផស្សៈជាដើមនោះ ណា ក្នុងសម័យនោះ នេះមនិន្ទ្រិយ កើតមានក្នុងសម័យនោះ។ សោមនស្សិន្ទ្រិយកើតមានក្នុងសម័យនោះ តើដូចម្តេច។ សេចក្តីឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីសុខប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីទទួលអារម្មណ៍ដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្ត វេទនាដ៏ឆ្ងាញ់ពិសាជាសុខ ដែលកើតអំពីសម្ផ័ស្សនៃចិត្តណា ក្នុងសម័យនោះ នេះសោមនស្សិន្ទ្រិយ កើតមានក្នុងសម័យនោះ។ ជីវិតិន្ទ្រិយ កើតមានក្នុងសម័យនោះ តើដូចម្តេច។ អាយុ ការឋិតនៅ ការរស់នៅ ការយឺននៅ ការរំកិលទៅ ការប្រព្រឹត្តទៅ ការរក្សានៃអរូបធម៌ទាំងនោះ គឺជីវិត ជីវិតិន្ទ្រិយណា ក្នុងសម័យនោះ នេះជីវិតិន្ទ្រិយ កើតមានក្នុងសម័យនោះ។ នេះឥន្ទ្រិយ ៨ កើតមានក្នុងសម័យនោះ។