បណ្តាបញ្ញាទាំងនោះ បញ្ញាដែលប្រតិបត្តិលំបាកមានការត្រាស់ដឹងឆាប់ តើដូចម្តេច។ កាលបុគ្គលញ៉ាំងលោកុត្តរសមាធិឲ្យកើតដោយលំបាក ដោយកម្រ កាលត្រាស់ដឹងនូវហេតុ គឺលោកុត្តរសមាធិនោះដោយឆាប់ បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើង នេះហៅថា បញ្ញាដែលប្រតិបត្តិលំបាកមានការត្រាស់ដឹងឆាប់។ បណ្តាបញ្ញាទាំងនោះ បញ្ញាដែលប្រតិបត្តិងាយមានការត្រាស់ដឹងយូរ តើដូចម្តេច។ កាលបុគ្គលញ៉ាំងលោកុត្តរសមាធិឲ្យកើត ដោយមិនលំបាក ដោយមិនក្រ កាលដឹងច្បាស់នូវហេតុ គឺលោកុត្តរសមាធិនោះ ដោយយឺតយូរ បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើង នេះហៅថា បញ្ញាដែលប្រតិបត្តិងាយមានការត្រាស់ដឹងយូរ។ បណ្តាបញ្ញាទាំងនោះ បញ្ញាដែលប្រតិបត្តិងាយមានការត្រាស់ដឹងឆាប់ តើដូចម្តេច។ កាលបុគ្គលញ៉ាំងលោកុត្តរសមាធិឲ្យកើតដោយមិនលំបាក ដោយមិនក្រ កាលដឹងច្បាស់នូវហេតុ គឺលោកុត្តរសមាធិនោះដោយឆាប់ បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើង នេះហៅថា បញ្ញាដែលប្រតិបត្តិងាយមានការត្រាស់ដឹងឆាប់។ នេះ បដិបទា ៤។