[៦៥] បណ្តាញាណទាំងនោះ អារម្មណ៍ ៤ តើដូចម្តេច។ បញ្ញាមានសភាពតូចឆ្មារ ទាំងមានអារម្មណ៍តូចឆ្មារ ១ បញ្ញាមានសភាពតូចឆ្មារ តែមានអារម្មណ៍ប្រមាណមិនបាន ១ បញ្ញាប្រមាណមិនបាន តែមានអារម្មណ៍តូចឆ្មារ ១ បញ្ញាប្រមាណមិនបាន ទាំងមានអារម្មណ៍ប្រមាណមិនបាន ១។ បណ្តាបញ្ញាទាំងនោះ បញ្ញាមានសភាពតូចឆ្មារ ទាំងមានអារម្មណ៍តូចឆ្មារ តើដូចម្តេច។ កាលបុគ្គលមិនបាននូវសមាធិតាមសេចក្តីប្រាថ្នា ទាំងផ្សាយទៅនូវអារម្មណ៍តិចតួច បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើង នេះហៅថា បញ្ញាមានសភាពតូចឆ្មារ ទាំងមានអារម្មណ៍តូចឆ្មារ។ បណ្តាបញ្ញាទាំងនោះ បញ្ញាមានសភាពតូចឆ្មារ តែមានអារម្មណ៍ប្រមាណមិនបាន តើដូចម្តេច។ កាលបុគ្គលមិនបាននូវសមាធិតាមសេចក្តីប្រាថ្នា តែផ្សាយទៅនូវអារម្មណ៍ដ៏ធំទូលាយ បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើង នេះហៅថា បញ្ញាមានសភាពតូចឆ្មារ តែមានអារម្មណ៍ប្រមាណមិនបាន។