ទ្រង់​ជ្រាប​ច្បាស់​ថា ដំណើរ​នុ៎ះ មិនមែន​ជាហេតុ មិនមែន​ជា​បច្ច័យ​ទេ ត្រង់​ដែល​ស្រ្តី​បាន​ជា​ស្តេច​ចក្រពត្តិ ការណ៍​នុ៎ះ​មិន​មាន​ឡើយ ទ្រង់​ជ្រាប​ច្បាស់​ថា ហេតុ​នុ៎ះ​មាន​ប្រាកដ ត្រង់​ដែល​បុរស​បាន​ជា​ស្តេច​ចក្រពត្តិ ការណ៍​នុ៎ះ ទើប​មាន។ ទ្រង់​ជ្រាប​ច្បាស់​ថា ដំណើរ​នុ៎ះ មិនមែន​ជាហេតុ មិនមែន​ជា​បច្ច័យ​ទេ ត្រង់​ដែល​ស្ត្រី​បាន​អត្តភាព​ជា​ព្រះ​ឥន្រ្ទ បាន​អត្តភាព​ជា​មារ បាន​អត្តភាព​ជា​ព្រហ្ម ការណ៍​នុ៎ះ​មិន​មាន​ឡើយ ទ្រង់​ជ្រាប​ច្បាស់​ថា ហេតុ​នុ៎ះ​មាន​ប្រាកដ ត្រង់​ដែល​បុរស​បាន​អត្តភាព​ជា​ព្រះ​ឥន្រ្ទ បាន​អត្តភាព​ជា​មារ បាន​អត្តភាព​ជា​ព្រហ្ម ការណ៍​នុ៎ះ ទើប​មាន។ ទ្រង់​ជ្រាប​ច្បាស់​ថា ដំណើរ​នុ៎ះ មិនមែន​ជាហេតុ មិនមែន​ជា​បច្ច័យ​ទេ ត្រង់​ដែល​វិបាក​របស់​កាយទុច្ចរិត ជាទី​ប្រាថ្នា ជាទី​ត្រេកអរ ជាទី​ពេញចិត្ត គប្បី​កើតឡើង ការណ៍​នុ៎ះ​មិន​មាន​ឡើយ ទ្រង់​ជ្រាប​ច្បាស់​ថា ហេតុ​នុ៎ះ​មាន​ប្រាកដ ត្រង់​ដែល​វិបាក​របស់​កាយទុច្ចរិត មិនជា​ទី​ប្រាថ្នា មិនជា​ទី​ត្រេកអរ មិនជា​ទី​ពេញចិត្ត គប្បី​កើតឡើង ការណ៍​នុ៎ះ ទើប​មាន។ ទ្រង់​ជ្រាប​ច្បាស់​ថា ដំណើរ​នុ៎ះ​មិនមែន​ជាហេតុ មិនមែន​ជា​បច្ច័យ​ទេ ត្រង់​ដែល​វិបាក​របស់​វចីទុច្ចរិត និង​មនោ​ទុច្ចរិត ជាទី​ប្រាថ្នា ជាទី​ត្រេកអរ ជាទី​ពេញចិត្ត គប្បី​កើតឡើង ការណ៍​នុ៎ះ​មិន​មាន​ឡើយ ទ្រង់​ជ្រាប​ច្បាស់​ថា ហេតុនេះ​មាន​ប្រាកដ ត្រង់​ដែល​វិបាក​របស់​វចីទុច្ចរិត និង​មនោ​ទុច្ចរិត មិនជា​ទី​ប្រាថ្នា មិនជា​ទី​ត្រេកអរ មិនជា​ទី​ពេញចិត្ត គប្បី​កើតឡើង ការណ៍​នុ៎ះ ទើប​មាន។
ថយ | ទំព័រទី ១២១ | បន្ទាប់