[៧៥] បណ្តា​ញាណ​ទាំងនោះ ព្រះ​តថាគត មានការ​ជ្រាប​ច្បាស់​តាមពិត នូវ​បដិបទា​ជា​ដំណើរ​ទៅ​ក្នុង​ទី​ទាំងពួង តើ​ដូចម្តេច។ ព្រះ​គថា​គត​ក្នុង​លោក​នេះ ទ្រង់​ជ្រាប​ច្បាស់​ថា នេះ​ផ្លូវ នេះ​សេចក្តី​ប្រតិបត្តិ​ជា​ដំណើរ​ទៅកាន់​នរក ទ្រង់​ជ្រាប​ច្បាស់​ថា នេះ​ផ្លូវ នេះ​សេចក្តី​ប្រតិបត្តិ​ជា​ដំណើរ​ទៅកាន់​តិរច្ឆាន ទ្រង់​ជ្រាប​ច្បាស់​ថា នេះ​ផ្លូវ នេះ​សេចក្តី​ប្រតិបត្តិ​ជា​ដំណើរ​ទៅកាន់​ប្រេតវិស័យ ទ្រង់​ជ្រាប​ច្បាស់​ថា នេះ​ផ្លូវ នេះ​សេចក្តី​ប្រតិបត្តិ​ជា​ដំណើរ​ទៅកាន់​មនុស្សលោក ទ្រង់​ជ្រាប​ច្បាស់​ថា នេះ​ផ្លូវ នេះ​សេចក្តី​ប្រតិបត្តិ​ជា​ដំណើរ​ទៅកាន់​ទេវលោក ទ្រង់​ជ្រាប​ច្បាស់​ថា នេះ​ផ្លូវ នេះ​សេចក្តី​ប្រតិបត្តិ​ជា​ដំណើរ​ទៅកាន់​ព្រះនិព្វាន។ បញ្ញា ការ​ដឹង​ច្បាស់។បេ។ ការ​មិន​វង្វេង ការពិចារណា​នូវ​ធម៌ ការ​ឃើញត្រូវ​ណា ក្នុង​ធម៌​ទាំងឡាយ​នោះ នេះ​ឈ្មោះថា ព្រះ​តថាគត មានការ​ជ្រាប​ច្បាស់​តាមពិត នូវ​បដិបទា​ជា​ដំណើរ​ទៅ​ក្នុង​ទី​ទាំងពួង។
 [៧៦] បណ្តា​ញាណ​ទាំងនោះ ព្រះ​តថាគត មានការ​ជ្រាប​ច្បាស់​តាមពិត នូវ​លោក​ដែល​មាន​ធាតុ​ច្រើន មាន​ធា​តុ​ផ្សេងៗគ្នា តើ​ដូចម្តេច។
ថយ | ទំព័រទី ១២៨ | បន្ទាប់