ពួក​សត្វ​ដែល​មាន​អធ្យាស្រ័យ​ខ្ពង់ខ្ពស់ បាន​សេពគប់ គប់​រក ចូល​ទៅ​អង្គុយ​ជិត​ហើយនឹង​ពួក​សត្វ​ដែល​មាន​អធ្យាស្រ័យ​ខ្ពង់ខ្ពស់​ដូចគ្នា សូម្បី​ក្នុង​អនាគតកាល ពួក​សត្វ​ដែល​មាន​អធ្យាស្រ័យ​ថោកទាប នឹង​សេពគប់ គប់​រក ចូល​ទៅ​អង្គុយ​ជិតនឹង​ពួក​សត្វ​ដែល​មាន​អធ្យាស្រ័យ​ថោកទាប​ដូចគ្នា។ ពួក​សត្វ​ដែល​មាន​អធ្យាស្រ័យ​ខ្ពង់ខ្ពស់ នឹង​សេពគប់ គប់​រក ចូល​ទៅ​អង្គុយ​ជិតនឹង​ពួក​សត្វ​ដែល​មាន​អធ្យាស្រ័យ​ខ្ពស់ខ្ពស់​ដូចគ្នា។ បញ្ញា ការ​ដឹង​ច្បាស់។បេ។ ការ​មិន​វង្វេង ការពិចារណា​ធម៌ ការ​ឃើញត្រូវ​ណា ក្នុង​ធម៌​ទាំងឡាយ​នោះ នេះ​ឈ្មោះថា ព្រះ​តថាគត មានការ​ជ្រាប​ច្បាស់​តាមពិត នូវ​អធ្យាស្រ័យ​ផ្សេងៗគ្នា នៃ​ពួក​សត្វ។
 [៧៨] បណ្តា​ញាណ​ទាំងនោះ ព្រះ​តថាគត មានការ​ជ្រាប​ច្បាស់​តាមពិត នូវ​ឥន្រ្ទិយ​ចាស់​ក្លា និង​ទន់ របស់​ពួក​សត្វ​ដទៃ របស់​ពួក​បុគ្គល​ដទៃ តើ​ដូចម្តេច។ ព្រះ​តថាគត​ក្នុង​លោក​នេះ ទ្រង់​ជ្រាប​ច្បាស់​នូវ​អា​សយៈ (ធម៌​ជាទី​នៅ​អាស្រ័យ​របស់​ពួក​សត្វ) ទ្រង់​ជ្រាប​ច្បាស់​នូវ​អនុ​សយៈ (កិលេស​ដែល​ដេក​ត្រាំ​នៅក្នុង​សន្តាន​របស់​ពួក​សត្វ) ទ្រង់​ជ្រាប​ច្បាស់​នូវ​ចរិត​របស់​ពួក​សត្វ ទ្រង់​ជ្រាប​ច្បាស់​នូវ​អធ្យាស្រ័យ​របស់​ពួក​សត្វ
ថយ | ទំព័រទី ១៣០ | បន្ទាប់