កិលេសវត្ថុ ១០ នេះ ពួកសត្វណា មិនបានសេពគប់ មិនបានអប់រំ មិនបានធ្វើឲ្យច្រើន មិនបានធ្វើឲ្យដុះដាលហើយ ពួកសត្វនោះឯង ឈ្មោះថា មានធូលីតិចក្នុងភ្នែក។ ពួកសត្វមានឥន្រ្ទិយទន់នោះ តើដូចម្តេច។ ឥន្រ្ទិយ ៥ គឺ សទ្ធិន្រ្ទិយ វីរិយិន្រ្ទិយ សតិន្រ្ទិយ សមាធិន្រ្ទិយ បញ្ញិន្រ្ទិយ ឥន្រ្ទិយទាំង ៥ នេះ ពួកសត្វណា មិនបានសេពគប់ មិនបានអប់រំ មិនបានធ្វើឲ្យច្រើន មិនបានធ្វើឲ្យដុះដាលហើយ ពួកសត្វនោះឯង ឈ្មោះថា មានឥន្រ្ទិយទន់។ ពួកសត្វមានឥន្រ្ទិយចាស់ក្លានោះ តើដូចម្តេច។ ឥន្រ្ទិយទាំង ៥ នេះ ពួកសត្វណា បានសេពគប់ បានអប់រំ បានធ្វើឲ្យច្រើន បានធ្វើឲ្យដុះដាលហើយ ពួកសត្វនោះឯង ឈ្មោះថា មានឥន្រ្ទិយចាស់ក្លា។ ពួកសត្វមានអាការអាក្រក់នោះ តើដូចម្តេច។ ពួកសត្វណា មានអាសយៈអាក្រក់ មានអនុសយៈអាក្រក់ មានចរិតអាក្រក់ មានអធ្យាស្រ័យអាក្រក់ មានធូលីច្រើនក្នុងភ្នែក មានឥន្រ្ទិយទន់ ពួកសត្វនោះឯងឈ្មោះថា មានអាការអាក្រក់។ ពួកសត្វមានអាការល្អនោះ តើដូចម្តេច។