ពួកសត្វណា មានអាសយៈល្អ មានចរិតល្អ មានអធ្យាស្រ័យល្អ មានធូលីតិចក្នុងភ្នែក មានឥន្រ្ទិយចាស់ក្លា ពួកសត្វនោះឯង ឈ្មោះថា មានអាការល្អ។ ពួកសត្វដែលឲ្យត្រាស់ដឹងក្រនោះ តើដូចម្តេច។ ពួកសត្វណា មានអាការអាក្រក់ ពួកសត្វនោះ ឈ្មោះថា ឲ្យត្រាស់ដឹងក្រ ពួកសត្វណា មានអាការល្អ ពួកសត្វនោះ ឈ្មោះថា ឲ្យត្រាស់ដឹងងាយ។ ពួកសត្វឥតភ័ព្វនោះ តើដូចម្តេច។ ពួកសត្វណា ប្រកបដោយការរារាំង គឺអនន្តរិយកម្ម ប្រកបដោយការរារាំង គឺនិយតមិច្ឆាទិដ្ឋិ ប្រកបដោយការរារាំង គឺអហេតុកបដិសន្ធិ ជាអ្នកមិនមានសទ្ធា មិនមានសេចក្តីប្រាថ្នា ឥតប្រាជ្ញា មិនគួរចុះកាន់សម្មត្តនិយាម ក្នុងកុសលធម៌ទាំងឡាយ ពួកសត្វនោះឯង ឈ្មោះថា ឥតភ័ព្វ។ ពួកសត្វមានភ័ព្វនោះ តើដូចម្តេច។ ពួកសត្វណា ជាអ្នកមិនប្រកបដោយការរារាំង គឺអនន្តរិយកម្ម មិនប្រកបដោយការរារាំង គឺនិយតមិច្ឆាទិដ្ឋិ មិនប្រកបដោយការរារាំង គឺអហេតុកបដិសន្ធិ ជាអ្នកមានសទ្ធា មានសេចក្តីប្រាថ្នា មានប្រាជ្ញា គួរចុះកាន់សម្មត្តនិយាម ក្នុងកុសលធម៌ទាំងឡាយ ពួកសត្វនោះឯង ឈ្មោះថា មានភ័ព្វ