ក៏ចូលអាកាសានញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុត នេះវិមោក្ខទី ៤ បុគ្គលកន្លងបង់នូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ក៏ចូលវិញ្ញាណញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា វិញ្ញាណមិនមានទីបំផុត នេះវិមោក្ខទី ៥ បុគ្គលកន្លងបង់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ក៏ចូលអាកិញ្ចញ្ញាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា អ្វីតិចតួច មិនមាន នេះវិមោក្ខទី ៦ បុគ្គលកន្លងនូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ក៏ចូលនេវសញ្ញានាសញ្ញាយតនជ្ឈាន នេះវិមោក្ខទី ៧ បុគ្គលកន្លងនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ក៏ចូលសញ្ញាវេទយិតនិរោធ នេះវិមោក្ខទី ៨។ ពាក្យថា សមាធិ បានដល់សមាធិ ៣ គឺ សមាធិប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈ សមាធិមិនមានវិតក្កៈ មានត្រឹមតែវិចារៈ សមាធិមិនមានទាំងវិតក្កៈ មិនមានទាំងវិចារៈ។ ពាក្យថា សមាបត្តិ បានដល់អនុបុព្វវិហារសមាបត្តិ ៩ គឺបឋមជ្ឈានសមាបត្តិ ទុតិយជ្ឈានសមាបត្តិ តតិយជ្ឈានសមាបត្តិ ចតុត្ថជ្ឈានសមាបត្តិ