[៨១] បណ្តាញាណទាំងនោះ ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវការច្យុតិ និងការកើតរបស់ពួកសត្វ តើដូចម្តេច។ ព្រះតថាគតក្នុងលោកនេះ មានទិព្វចក្ខុដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្សធម្មតា រមែងឃើញពួកសត្វដែលច្យុត ដែលកើត ជាសត្វថោកទាប ខ្ពង់ខ្ពស់ មានវណ្ណៈល្អ មានវណ្ណៈអាក្រក់ មានគតិល្អ មានគតិអាក្រក់ ក៏ដឹងច្បាស់នូវពួកសត្វដែលប្រព្រឹត្តទៅតាមកម្ម (របស់ខ្លួន) ថា អើហ្ន៎ សត្វទាំងឡាយនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀលនូវពួកព្រះអរិយបុគ្គល មានសេចក្តីយល់ខុស ប្រកាន់នូវអំពើតាមសេចក្តីយល់ខុស សត្វទាំងនោះ លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ ក៏បានចូលទៅកាន់កំណើតអបាយ ទុគ្គតិ វិនិបាតនរក មួយទៀត អើហ្ន៎ សត្វទាំងឡាយអម្បាលនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាអ្នកមិនតិះដៀលនូវពួកព្រះអរិយៈ មានសេចក្តីយល់ត្រូវ ប្រកាន់នូវអំពើតាមសេចក្តីយល់ត្រូវ សត្វទាំងនោះ លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ ក៏បានចូលទៅកាន់លោក គឺមនុស្សសុគតិ និងស្ថានសួគ៌