[១០២] បណ្តា​ធម៌​ទាំងនោះ សេចក្តី​ប្រាថ្នា​ដ៏​លាមក តើ​ដូចម្តេច។ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ជា​អ្នក​មិន​មាន​សទ្ធា ប្រាថ្នា​ថា ជន​ចូរ​ដឹង​នូវ​អញ ថា​ជា​អ្នកមាន​សទ្ធា ជា​អ្នក​ទ្រុស្តសីល ប្រាថ្នា​ថា ជន​ចូរ​ដឹង​នូវ​អញ ថា​ជា​អ្នកមានសីល ជា​អ្នកចេះដឹង​តិច ប្រាថ្នា​ថា ជន​ចូរ​ដឹង​នូវ​អញ ថា​ជា​អ្នកចេះដឹង​ច្រើន ជា​អ្នក​ត្រេកអរ​ក្នុង​ការ​ច្របូកច្របល់​ដោយ​ពួក ប្រាថ្នា​ថា ជន​ចូរ​ដឹង​នូវ​អញ ថា​ជា​អ្នក​ស្ងប់ស្ងាត់ ជា​អ្នក​ខ្ជិលច្រអូស ប្រាថ្នា​ថា ជន​ចូរ​ដឹង​នូវ​អញ ថា​ជា​អ្នកមាន​ព្យាយាម ប្រឹងប្រែង ជា​អ្នក​ភ្លេចស្មារតី ប្រាថ្នា​ថា ជន​ចូរ​ដឹង​នូវ​អញ ថា​ជា​អ្នកមាន​ស្មារតី​តម្កល់​ខ្ជាប់ ជា​អ្នកមាន​ចិត្ត​មិន​តម្កល់​មាំ ប្រាថ្នា​ថា ជន​ចូរ​ដឹង​នូវ​អញ ថា​ជា​អ្នកមាន​ចិត្ត​តម្កល់​មាំ ជា​អ្នក​ឥត​បញ្ញា ប្រាថ្នា​ថា ជន​ចូរ​ដឹង​នូវ​អញ ថា​ជា​អ្នកមាន​បញ្ញា ជា​អ្នក​មិនទាន់​អស់​អាសវៈ ប្រាថ្នា​ថា ជន​ចូរ​ដឹង​នូវ​អញ ថា​ជា​អ្នក​អស់​អាសវៈ សេចក្តី​ប្រាថ្នា ការប្រព្រឹត្តិ​ទៅ​ដោយ​សេចក្តី​ប្រាថ្នា សេចក្តី​ប្រាថ្នា​ដ៏​លាមក តម្រេក តម្រេក​ខ្លាំង។បេ។ តម្រេក​ខ្លាំង​នៃ​ចិត្ត មាន​សភាព​យ៉ាងនេះ ណា នេះ​ហៅថា សេចក្តី​ប្រាថ្នា​ដ៏​លាមក។
ថយ | ទំព័រទី ១៥៤ | បន្ទាប់