ការ​មិត​ពត់​ជុំវិញ ការ​មិត​ពត់​ឲ្យ​ត្រង់ ការឈឺចាប់​នៃ​កាយ​ណា នេះ​ហៅថា សេចក្តី​មិត​ពត់។
 [១១០] បណ្តា​ធម៌​ទាំងនោះ សេចក្តី​ស្រវឹង​ព្រោះ​ភត្ត តើ​ដូចម្តេច។ បុគ្គល​អ្នក​បរិភោគ មាន​សេចក្តី​ជ្រប់​ព្រោះ​ភត្ត មាន​សេចក្តី​លំបាក​ព្រោះ​ភត្ត មាន​សេចក្តី​ហេល​ហល់​ព្រោះ​ភត្ត មាន​ភាព​នៃ​កាយ​មិន​គួរ​ដល់​ការងារ (ព្រោះ​អាស្រ័យ​ភត្ត) ណា នេះ​ហៅថា សេចក្តី​ស្រវឹង​ព្រោះ​ភត្ត។
 [១១១] បណ្តា​ធម៌​ទាំងនោះ ភាព​នៃ​ចិត្តរួញរា តើ​ដូចម្តេច។ ភាព​នៃ​ចិត្ត​មិន​គួរ ភាព​នៃ​ចិត្ត​មិន​គួរ​ដល់​ការងារ ការ​រួញ​ថយ ការ​រួញ​ចូល ការ​លឹបល អាការ​លឹបល ភាព​នៃ​សេចក្តី​លឹបល ការ​ក្រាញ​នៅ អាការ​ក្រាញ​នៅ ភាព​នៃ​សេចក្តី​ក្រាញ​នៅ​នៃ​ចិត្ត​ណា នេះ​ហៅថា ភាព​នៃ​ចិត្តរួញរា។
 [១១២] បណ្តា​ធម៌​ទាំងនោះ ការកុហក តើ​ដូចម្តេច។ ការប្រុងប្រៀប​ខាងដើម អាការ​ប្រុងប្រៀប ការរៀបចំ​នូវ​ឥរិយាបថ ការ​ធ្វើមុខ​ស្រពោន ការ​មានមុខ​ស្រពោន ការ​ធ្វើ​គេ​ឲ្យ​ស្ងើច អាការ​ធ្វើ​គេ​ឲ្យ​ស្ងើច ភាព​នៃ​សេចក្តី​ធ្វើ​គេ​ឲ្យ​ស្ងើច ដោយ​ការ​សេព​នូវ​បច្ច័យ​ក្តី ដោយ​ការ​ខ្សឹបខ្សៀវ​ក្តី របស់​ភិក្ខុ​អ្នក​អាស្រ័យ​លាភសក្ការៈ និង​ការ​សរសើរ មាន​សេចក្តី​ប្រាថ្នា​លាមក មាន​សេចក្តី​ប្រាថ្នា​គ្រប​សង្កត់​ហើយ នេះ​ហៅថា ការកុហក។
ថយ | ទំព័រទី ១៥៧ | បន្ទាប់