បណ្តា​ធម៌​ទាំងនោះ អបរ​ន្តានុ​ទិដ្ឋិ តើ​ដូចម្តេច។ ទិដ្ឋិ ដំណើរ​គឺ​ទិដ្ឋិ។បេ។ សេចក្តី​ប្រកាន់​ក្នុង​ការស្វែងរក​ខុស​ណា កើតឡើង ប្រារព្ធ​នូវ​ទីបំផុត​ខាងចុង នេះ​ហៅថា អបរ​ន្តានុ​ទិដ្ឋិ។
 [១៥១] បណ្តា​ធម៌​ទាំងនោះ សេចក្តី​មិន​ខ្មាសបាប តើ​ដូចម្តេច។ ត្រង់​ដែល​បុគ្គល​មិន​ខ្មាស ដោយហេតុ​ដែល​គួរ​ខ្មាស មិន​ខ្មាស​ដោយ​ការ​ជួបប្រទះ​នឹង​ពួក​អកុសលធម៌​ដ៏​លាមក នេះ​ហៅថា សេចក្តី​មិន​ខ្មាសបាប។ បណ្តា​ធម៌​ទាំងនោះ សេចក្តី​មិន​ក្តៅ​នឹង​បាប តើ​ដូចម្តេច។ ត្រង់​ដែល​បុគ្គល​មិន​តក់ស្លុត ដោយហេតុ​ដែល​គួរ​តក់ស្លុត មិន​តក់ស្លុត​ដោយ​ការ​ជួបប្រទះ​នឹង​ពួក​អកុសលធម៌​ដ៏​លាមក នេះ​ហៅថា សេចក្តី​មិន​ក្តៅ​នឹង​បាប។
 [១៥២] បណ្តា​ធម៌​ទាំងនោះ ការ​ប្រដៅ​ក្រ តើ​ដូចម្តេច។ ការ​ប្រដៅ​ក្រ អាការ​ប្រដៅ​ក្រ ភាព​នៃ​សេចក្តី​ប្រដៅ​ក្រ ការ​កាន់​យក​នូវ​អំពើ​ដែល​គួរ​ខ្ពើម (អំពើ​ផ្តេសផ្តាស) ការ​ពេញចិត្ត​ក្នុង​ធម៌​ជាស​ត្រូវ ការ​មិន​អើពើ សេចក្តី​មិន​អើពើ សេចក្តី​មិន​គោរព សេចក្តី​មិន​ស្តាប់​បង្គាប់ ចំពោះ​ពាក្យ​ប្រកបដោយ​ធម៌​ដែលគេ​ពោល នេះ​ហៅថា ការ​ប្រដៅ​ក្រ។ បណ្តា​ធម៌​ទាំងនោះ ភាព​អ្នកមាន​មិត្រ​អាក្រក់ តើ​ដូចម្តេច។
ថយ | ទំព័រទី ១៧៩ | បន្ទាប់