បណ្តា​ធម៌​ទាំងនោះ សេចក្តី​មិន​ស្លូតបូត តើ​ដូចម្តេច។ ការប្រព្រឹត្តិ​កន្លង​ប្រកបដោយ​កាយ ការប្រព្រឹត្តិ​កន្លង​ប្រកបដោយ​វាចា ការប្រព្រឹត្តិ​កន្លង​ប្រកបដោយ​កាយ និង​វាចា នេះ​ហៅថា សេចក្តី​មិន​ស្លូតបូត សូម្បី​ការ​ទ្រុស្តសីល​ទាំងអស់ ក៏​ឈ្មោះថា សេចក្តី​មិន​ស្លូតបូត​ដែរ។
 [១៥៥] បណ្តា​ធម៌​ទាំងនោះ សំដី​មិន​ពីរោះ តើ​ដូចម្តេច។ វាចា​ណា ជា​វាចារ​ដិ​បរ​ដុប គ្រោតគ្រាត ហឺរ ក្តៅ​ដល់​ជន​ដទៃ ខ្ទាំងខ្ទប់​ដល់​ជន​ដទៃ ជិត​សេចក្តី​ក្រោធ មិន​ប្រព្រឹត្តទៅ​ដើម្បី​សមាធិ បុគ្គល​ពោល​នូវ​វាចា​មាន​សភាព​ដូច្នោះ ភាព​នៃ​បុគ្គល​មាន​វាចា​មិន​ល្អិត ភាព​នៃ​បុគ្គល​មាន​វាចា​មិន​ពីរោះ ភាព​នៃ​បុគ្គល​មាន​វាចា​អាក្រក់​ណា ក្នុង​វាចា​នោះ នេះ​ហៅថា សំដី​មិន​ពីរោះ។ បណ្តា​ធម៌​ទាំងនោះ ការ​មិន​ទទួលរាក់ទាក់ តើ​ដូចម្តេច។ ការ​ទទួលរាក់ទាក់​មាន ២ យ៉ាង គឺ​ការ​ទទួលរាក់ទាក់​ដោយ​អាមិសៈ ១ ការ​ទទួលរាក់ទាក់​ដោយ​ធម៌ ១ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ជា​អ្នក​មិន​ទទួលរាក់ទាក់​ដោយ​អាមិស​ប្ប​ដិ​សន្ថា​រៈ​ក្តី ដោយ​ធម្មប្បដិ​សន្ថា​រៈ​ក្តី នេះ​ហៅថា ការ​មិន​ទទួលរាក់ទាក់។
ថយ | ទំព័រទី ១៨១ | បន្ទាប់