[១៥៦] បណ្តាធម៌ទាំងនោះ ភាពនៃអ្នកមិនគ្រប់គ្រងទ្វារក្នុងឥន្រ្ទិយទាំងឡាយ តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ បានឃើញនូវរូបដោយចក្ខុហើយ កាន់យកនូវនិមិត្ត កាន់យកនូវអនុព្យញ្ជនៈ ឯអភិជ្ឈា និងទោមនស្ស ដែលជាអកុសលធម៌ដ៏លាមក តែងគ្របសង្កត់នូវបុគ្គលដែលមិនបានសង្រួមនូវចក្ខុន្រ្ទិយនុ៎ះ ព្រោះហេតុមិនសង្រួមនូវចក្ខុន្រ្ទិយណា ក៏មិនប្រតិបត្តិដើម្បីសង្រួមនូវចក្ខុន្រ្ទិយនោះ មិនរក្សានូវចក្ខុន្រ្ទិយ មិនដល់នូវសេចក្តីសង្រួមក្នុងចក្ខុន្រ្ទិយ បានឮនូវសំឡេងដោយត្រចៀកហើយ។បេ។ បានហិតក្លិនដោយច្រមុះហើយ។បេ។ បានជញ្ជក់ជញ្ជាប់នូវរសដោយអណ្តាតហើយ។បេ។ បានពាល់ត្រូវផ្សព្វដោយកាយហើយ។បេ។ បានដឹងច្បាស់នូវធម្មារម្មណ៍ដោយចិត្តហើយ កាន់យកនូវនិមិត្ត កាន់យកនូវអនុព្យញ្ជនៈ ឯអភិជ្ឈា និងទោមនស្ស ដែលជាអកុសលធម៌ដ៏លាមក តែងគ្របសង្កត់នូវបុគ្គលដែលមិនបានសង្រួមនូវមនិន្រ្ទិយនុ៎ះ ព្រោះហេតុមិនបានសង្រួមនូវមនិន្រ្ទិយណា ក៏មិនប្រព្រឹត្ត ដើម្បីសង្រួមនូវមនិន្រ្ទិយនោះ មិនរក្សានូវមនិន្រ្ទិយ មិនដល់នូវសេចក្តីសង្រួមក្នុងមនិន្រ្ទិយ ការមិនបិទ ការមិនគ្រប់គ្រង ការមិនរក្សា ការមិនសង្រួមនូវឥន្រ្ទិយទាំង ៦ នេះណា នេះហៅថា ភាពនៃអ្នកមិនគ្រប់គ្រងទ្វារក្នុងឥន្រ្ទិយទាំងឡាយ។