ពិចារណាឃើញនូវខ្លួន ថាមានរូបខ្លះ ពិចារណាឃើញនូវរូប ថាមានក្នុងខ្លួនខ្លះ ពិចារណាឃើញនូវខ្លួន ថាមានក្នុងរូបខ្លះ រមែងពិចារណាឃើញនូវវេទនា។បេ។ នូវសញ្ញា។បេ។ នូវសង្ខារទាំងឡាយ។បេ។ នូវវិញ្ញាណ ថាជាខ្លួន ពិចារណាឃើញនូវខ្លួន ថាមានវិញ្ញាណខ្លះ ពិចារណាឃើញនូវវិញ្ញាណ ថាមានក្នុងខ្លួនខ្លះ ពិចារណាឃើញនូវខ្លួន ថាមានក្នុងវិញ្ញាណខ្លះ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះណា នេះហៅថា សក្កាយទិដ្ឋិ។ បណ្តាសញ្ញោជនៈទាំងនោះ វិចិកិច្ឆា តើដូចម្តេច។ បុគ្គលងឿងឆ្ងល់ សង្ស័យក្នុងព្រះសាស្តា ងឿងឆ្ងល់ សង្ស័យក្នុងព្រះធម៌ ងឿងឆ្ងល់ សង្ស័យក្នុងព្រះសង្ឃ ងឿងឆ្ងល់ សង្ស័យក្នុងសិក្ខា ងឿងឆ្ងល់ សង្ស័យក្នុងទីបំផុតខាងដើម ងឿងឆ្ងល់ សង្ស័យក្នុងទីបំផុតខាងចុង ងឿងឆ្ងល់ សង្ស័យក្នុងទីបំផុតខាងដើម និងខាងចុង ងឿងឆ្ងល់ សង្ស័យក្នុងធម៌ទាំងឡាយ ដែលកើតឡើងអាស្រ័យនូវគ្នានឹងគ្នា ព្រោះធម៌នេះជាបច្ច័យ ការងឿងឆ្ងល់ អាការងឿងឆ្ងល់ ភាពនៃសេចក្តីងឿងឆ្ងល់។បេ។ ភាពនៃចិត្តរឹងត្អឹង គំនូសនៃចិត្ត មានសភាពយ៉ាងនេះណា នេះហៅថា វិចិកិច្ឆា។