រូប​តណ្ហា ១ អរូប​តណ្ហា ១ និរោធ​តណ្ហា ១។ បណ្តា​តណ្ហា​ទាំង ៣ នោះ រូប​តណ្ហា តើ​ដូចម្តេច។ តម្រេក តម្រេក​ខ្លាំង។បេ។ តម្រេក​ខ្លាំង​នៃ​ចិត្ត ប្រកបដោយ​រូបធាតុ នេះ​ហៅថា រូប​តណ្ហា។ បណ្តា​តណ្ហា​ទាំង ៣ នោះ អរូប​តណ្ហា តើ​ដូចម្តេច។ តម្រេក តម្រេក​ខ្លាំង។បេ។ តម្រេក​ខ្លាំង​នៃ​ចិត្ត ប្រកបដោយ​អរូបធាតុ នេះ​ហៅថា អរូប​តណ្ហា។ បណ្តា​តណ្ហា​ទាំង ៣ នោះ និរោធ​តណ្ហា តើ​ដូចម្តេច។ តម្រេក តម្រេក​ខ្លាំង។បេ។ តម្រេក​ខ្លាំង​នៃ​ចិត្ត ប្រព្រឹត្តទៅ​មួយអន្លើដោយ​ឧច្ឆេទ​ទិដ្ឋិ នេះ​ហៅថា និរោធ​តណ្ហា។ នេះ​តណ្ហា ៣។
 [១៧០] បណ្តា​ធម៌​ទាំងនោះ ការស្វែងរក ៣ តើ​ដូចម្តេច។ ការស្វែងរក​កាម ១ ការស្វែងរក​ភព ១ ការស្វែងរក​ព្រហ្មចរិយៈ ១។ បណ្តា​ការស្វែងរក​ទាំង ៣ នោះ ការស្វែងរក​កាម តើ​ដូចម្តេច។ សេចក្តី​ពេញចិត្ត​នឹង​កាម ក្នុង​កាម​ទាំងឡាយ។បេ។ សេចក្តី​ជ្រប់​ក្នុង​កាម​ណា នេះ​ហៅថា ការស្វែងរក​កាម។ បណ្តា​ការស្វែងរក​ទាំង ៣ នោះ ការស្វែងរក​ភព តើ​ដូចម្តេច។ សេចក្តី​ពេញចិត្ត​នឹង​ភព ក្នុង​ភព​ទាំងឡាយ។បេ។ សេចក្តី​ជ្រប់​ក្នុង​ភព​ណា នេះ​ហៅថា ការស្វែងរក​ភព។
ថយ | ទំព័រទី ១៩៦ | បន្ទាប់