បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិនជួបប្រទះនឹងពួកព្រះអរិយៈ មិនឈ្លាសវៃក្នុងធម៌របស់ព្រះអរិយៈ មិនទូន្មានខ្លួនក្នុងធម៌របស់ព្រះអរិយៈ មិនបានជួបប្រទះនឹងពួកសប្បុរស មិនឈ្លាសវៃក្នុងធម៌របស់សប្បុរស មិនទូន្មានខ្លួនក្នុងធម៌របស់សប្បុរស រមែងពិចារណាឃើញនូវរូប ថាជាខ្លួន ពិចារណាឃើញនូវខ្លួន ថាមានរូបខ្លះ ពិចារណាឃើញនូវរូប ថាមានក្នុងខ្លួនខ្លះ ពិចារណាឃើញនូវខ្លួន ថាមានក្នុងរូបខ្លះ រមែងពិចារណាឃើញនូវវេទនា។បេ។ នូវសញ្ញា។បេ។ នូវសង្ខារទាំងឡាយ។បេ។ នូវវិញ្ញាណ ថាជាខ្លួន ពិចារណាឃើញនូវខ្លួន ថាមានវិញ្ញាណខ្លះ រមែងពិចារណាឃើញនូវវិញ្ញាណ ថាមានក្នុងខ្លួនខ្លះ ពិចារណាឃើញនូវខ្លួន ថាមានក្នុងវិញ្ញាណខ្លះ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះ ណា នេះហៅថា សេចក្តីយល់ឃើញ ថាជាខ្លួន។ បណ្តាធម៌ទាំងនោះ សេចក្តីយល់ឃើញខុស តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះណា ថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជា មិនមានផល។បេ។