[១៨] បដិសម្ភិទា ៤ គឺ អត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។ ពួកធម៌ជាកុសល តើដូចម្តេច។ ក្នុងសម័យណា ចិត្តជាកាមាវចរកុសល ច្រឡំដោយសោមនស្ស សម្បយុត្តដោយញាណ មានរូបជាអារម្មណ៍ក្តី។បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធនូវអារម្មណ៍ណាៗ ហើយកើតឡើង ក្នុងសម័យនោះ ផស្សៈក៏កើតមាន។បេ។ សេចក្តីមិនរាយមាយក៏កើតមាន នេះពួកធម៌ជាកុសល សេចក្តីដឹងក្នុងធម៌ទាំងឡាយនេះ ឈ្មោះថា ធម្មប្បដិសម្ភិទា សេចក្តីដឹងក្នុងវិបាកនៃធម៌ទាំងឡាយនោះ ឈ្មោះថា អត្ថប្បដិសម្ភិទា បញ្ញត្តិនៃធម៌ទាំងឡាយនោះដោយនិរុត្តិណា សេចក្តីដឹងក្នុងការពោលនូវធម្មនិរុត្តិ ក្នុងនិរុត្តិនោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹងនូវញាណទាំងឡាយថា បុគ្គលដឹងក្នុងញាណទាំងឡាយនោះ ដោយញាណណា ញាណទាំងឡាយនេះ ជាធម្មជាតញ៉ាំងអត្ថនេះឲ្យភ្លឺ ឈ្មោះថា បដិភាណប្បដិសម្ភិទា។ បដិសម្ភិទា ៤ គឺ អត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។