អ្នកនិយាយថា ខ្លួនមាននុ៎ះ ក៏មានមែន ឯខ្ញុំមិននិយាយថា ខ្លួននុ៎ះមិនមានទេ ម្នាលអ្នកដ៏ចម្រើន តែថាខ្លួននេះ មិនមែនជាសភាវៈដាច់សូន្យដោយពិត ព្រោះហេតុមានប្រមាណប៉ុណ្ណេះឡើយ ម្នាលអ្នកដ៏ចម្រើន មានខ្លួនដទៃទៀត មានរូបជាទិព្វ ជាកាមាវចរទេវតា (ត្រេចទៅក្នុងភព) មានកវឡិង្ការាហារជាចំណី អ្នកមិនដឹង មិនឃើញ នូវខ្លួននោះឡើយ ឯខ្ញុំទើបដឹង ទើបឃើញនូវខ្លួននោះ ម្នាលអ្នកដ៏ចម្រើន ខ្លួននោះឯង លុះកាយបែកធ្លាយទៅកាលណា រមែងដាច់សូន្យ រមែងវិនាស ខាងមុខអំពីសេចក្ដីស្លាប់ទៅ មិនកើតទៀតទេ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុមានប្រមាណប៉ុណ្ណេះ ទើបខ្លួននេះ ឈ្មោះថា ជាសភាវៈដាច់សូន្យដោយពិត សមណៈ ឬព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវសេចក្ដីដាច់សូន្យ នូវសេចក្ដីវិនាស នូវសេចក្ដីមិនកើតទៀត នៃសត្វដែលមាននៅ ដោយប្រការដូច្នេះ ១។ មានបុគ្គលដទៃក្រៅអំពីបុគ្គលពួកនោះ និយាយយ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន អ្នកនិយាយថា ខ្លួនមាននុ៎ះ ក៏មានមែន ឯខ្ញុំមិននិយាយថា ខ្លួននុ៎ះ មិនមានទេ ម្នាលអ្នកដ៏ចម្រើន តែថាខ្លួននេះ មិនមែនជាសភាវៈដាច់សូន្យដោយពិត ព្រោះហេតុមានប្រមាណប៉ុណ្ណេះឡើយ នែអ្នកដ៏ចម្រើន មានខ្លួនដទៃទៀត មានរូបជាទិព្វ សម្រេចដោយឈានចិត្ត មានអវយវៈធំតូចគ្រប់សព្វ