មានឥន្រ្ទិយមិនថោកទាប គឺមានឥន្រ្ទិយពេញលេញ អ្នកមិនដឹង មិនឃើញ នូវខ្លួននោះឡើយ ឯខ្ញុំទើបដឹង ទើបឃើញ នូវខ្លួននោះ ម្នាលអ្នកដ៏ចម្រើន ខ្លួននោះឯង លុះកាយបែកធ្លាយទៅកាលណា រមែងដាច់សូន្យ រមែងវិនាស ខាងមុខអំពីសេចក្ដីស្លាប់ទៅ មិនកើតទៀតទេ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុមានប្រមាណប៉ុណ្ណេះ ទើបខ្លួននេះ ឈ្មោះថា ជាសភាវៈដាច់សូន្យដោយពិត សមណព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវសេចក្ដីដាច់សូន្យ នូវសេចក្ដីវិនាស នូវសេចក្ដីមិនកើតទៀត នៃសត្វដែលមាននៅ ដោយប្រការដូច្នេះ ១។ មានបុគ្គលដទៃក្រៅអំពីបុគ្គលនោះ និយាយយ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន អ្នកនិយាយថា ខ្លួនមាននុ៎ះ ក៏មានមែន ឯខ្ញុំមិននិយាយថា ខ្លួននុ៎ះ មិនមានទេ ម្នាលអ្នកដ៏ចម្រើន តែថាខ្លួននេះ មិនមែនជាសភាវៈដាច់សូន្យដោយពិត ព្រោះហេតុមានប្រមាណប៉ុណ្ណេះឡើយ ម្នាលអ្នកដ៏ចម្រើន មានខ្លួនដទៃ ដែលចូលទៅកាន់អាកាសានញ្ចាយតនភព មានអារម្មណ៍ថា អាកាសមិនមានទីបំផុត ដូច្នេះ ព្រោះកន្លងនូវរូបសញ្ញា គឺសេចក្ដីសំគាល់ក្នុងរូប ព្រោះអស់ទៅនៃបដិឃសញ្ញា គឺសេចក្ដីសំគាល់ក្នុងអារម្មណ៍ដែលជាទីខ្ទាំងខ្ទប់ចិត្ត ព្រោះមិនធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា គឺសេចក្ដីសំគាល់ ក្នុងអារម្មណ៍ផ្សេងៗ ដោយសព្វគ្រប់ អ្នកមិនដឹង