មិនឃើញ នូវខ្លួននោះឡើយ ខ្ញុំទើបដឹង ទើបឃើញ នូវខ្លួននោះ ម្នាលអ្នកដ៏ចម្រើន ខ្លួននោះឯង លុះកាយបែកធ្លាយទៅកាលណា រមែងដាច់សូន្យ រមែងវិនាស ខាងមុខអំពីសេចក្ដីស្លាប់ទៅ មិនកើតទៀតទេ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុមានប្រមាណប៉ុណ្ណេះ ទើបខ្លួននេះ ឈ្មោះថា ជាសភាវៈដាច់សូន្យដោយពិត សមណព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវសេចក្ដីដាច់សូន្យ នូវសេចក្ដីវិនាស នូវសេចក្ដីមិនកើតទៀត នៃសត្វដែលមាននៅ ដោយប្រការដូច្នេះ ១។ មានបុគ្គលដទៃក្រៅអំពីបុគ្គលនោះ និយាយយ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន អ្នកនិយាយថា ខ្លួនមាននុ៎ះ ក៏មានមែន ឯខ្ញុំមិននិយាយថា ខ្លួននុ៎ះមិនមានទេ ម្នាលអ្នកដ៏ចម្រើន តែថាខ្លួននេះមិនមែនជាសភាវៈដាច់សូន្យដោយពិត ព្រោះហេតុមានប្រមាណប៉ុណ្ណេះឡើយ ម្នាលអ្នកដ៏ចម្រើន មានខ្លួនដទៃ ដែលកន្លងបង់នូវអាកាសានញ្ចាយតនជ្ឈាន ដោយសព្វគ្រប់ ហើយចូលទៅកាន់វិញ្ញាណញ្ចាយតនភព មានអារម្មណ៍ថា វិញ្ញាណមិនមានទីបំផុតដូច្នេះ អ្នកមិនដឹង មិនឃើញនូវខ្លួននោះឡើយ ខ្ញុំទើបដឹង ទើបឃើញនូវខ្លួននោះ ម្នាលអ្នកដ៏ចម្រើន ខ្លួននោះឯង លុះកាយបែកធ្លាយទៅកាលណា រមែងដាច់សូន្យ រមែងវិនាស ខាងមុខអំពីសេចក្ដីស្លាប់ទៅ មិនកើតទៀតឡើយ