ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុមានប្រមាណប៉ុណ្ណេះ ទើបខ្លួននេះឈ្មោះថា ជាសភាវៈដាច់សូន្យដោយពិត សមណព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវសេចក្ដីដាច់សូន្យ នូវសេចក្ដីវិនាស នូវសេចក្ដីមិនកើតទៀត នៃសត្វដែលមាននៅ ដោយប្រការដូច្នេះ ១។ មានបុគ្គលដទៃក្រៅអំពីបុគ្គលនោះ និយាយយ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន អ្នកនិយាយថា ខ្លួនមាននុ៎ះ ក៏មានមែន ឯខ្ញុំមិននិយាយថា ខ្លួននុ៎ះមិនមានទេ ម្នាលអ្នកដ៏ចម្រើន តែថាខ្លួននេះ មិនមែនជាសភាវៈដាច់សូន្យ ព្រោះហេតុមានប្រមាណប៉ុណ្ណេះឡើយ ម្នាលអ្នកដ៏ចម្រើន មានខ្លួនដទៃដែលកន្លងបង់នូវវិញ្ញាណញ្ចាយតនៈដោយសព្វគ្រប់ ហើយចូលទៅកាន់អាកិញ្ចញ្ញាយតនភព មានអារម្មណ៍ថា អ្វីតិចតួច ក៏មិនមានដូច្នេះ អ្នកមិនដឹង មិនឃើញ នូវខ្លួននោះឡើយ ឯខ្ញុំទើបដឹង ទើបឃើញនូវខ្លួននោះ ម្នាលអ្នកដ៏ចម្រើន ខ្លួននោះឯង លុះកាយបែកធ្លាយទៅកាលណា រមែងដាច់សូន្យ រមែងវិនាស ខាងមុខអំពីសេចក្ដីស្លាប់ទៅ មិនកើតទៀតឡើយ ម្នាលអ្នកដ៏ចម្រើន ខ្លួននេះ ឈ្មោះថា ជាសភាវៈដាច់សូន្យដោយពិត ព្រោះហេតុមានប្រមាណប៉ុណ្ណេះឯង សមណព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវសេចក្ដីសូន្យ នូវសេចក្ដីវិនាស នូវសេចក្ដីមិនកើតទៀត នៃសត្វដែលមាននៅ ដោយប្រការដូច្នេះ ១។