[២៧១] ចុះតណ្ហាវិចរិតថា អញមានដោយប្រការដទៃ តើដូចម្ដេច។ ដំណើរនៃតណ្ហា ព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គលដទៃថា បុគ្គលនោះ ជាក្ស័ត្រយ៉ាងណា អញមិនមែនជាក្ស័ត្រយ៉ាងនោះទេ ឬថា បុគ្គលនោះជាព្រាហ្មណ៍យ៉ាងណា អញមិនមែនជាព្រាហ្មណ៍យ៉ាងនោះទេ ថាបុគ្គលនោះជាអ្នកជំនួញយ៉ាងណា អញមិនមែនជាអ្នកជំនួញយ៉ាងនោះទេ ឬថា បុគ្គលនោះជាអ្នកគ្រួយ៉ាងណា អញមិនមែនជាអ្នកគ្រួយ៉ាងនោះទេ ថាបុគ្គលនោះជាគ្រហស្ថយ៉ាងណា អញមិនមែនជាគ្រហស្ថយ៉ាងនោះទេ ឬថា បុគ្គលនោះជាបព្វជិតយ៉ាងណា អញមិនមែនជាបព្វជិតយ៉ាងនោះទេ ថាបុគ្គលនោះជាទេវតាយ៉ាងណា អញមិនមែនជាទេវតាយ៉ាងនោះទេ ឬថា បុគ្គលនោះជាមនុស្សយ៉ាងណា អញមិនមែនជាមនុស្សយ៉ាងនោះទេ ថាបុគ្គលនោះមានរូបយ៉ាងណា អញមិនមានរូបយ៉ាងនោះទេ ឬថា បុគ្គលនោះមិនមានរូបយ៉ាងណា អញមិនមែនមិនមានរូបយ៉ាងនោះទេ ថាបុគ្គលនោះមានសញ្ញាយ៉ាងណា អញមិនមានសញ្ញាយ៉ាងនោះទេ ឬថា បុគ្គលនោះមិនមានសញ្ញាយ៉ាងណា អញមិនមែនមិនមានសញ្ញាយ៉ាងនោះទេ