នេះ​ហេតុ ៣ នៃ​សត្វ​ទាំង​នុ៎ះ កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ ក្នុង​កាមធាតុ។ ចុះ​ហេតុ ២ នៃ​សត្វ​ណា កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ ក្នុង​កាមធាតុ។ ហេតុ ២ គឺ​អលោភៈ ជា​វិបាក​ហេតុ ១ អទោសៈ ជា​វិបាក​ហេតុ ១ នៃ​កាមាវចរ​ទេវតា នៃ​មនុស្ស​ដែល​កើត​ក្នុង​បឋមកប្ប នៃ​សត្វ​ជាស​ហេតុ​កៈ ជា​ញាណ​វិប្បយុត្ត ដែល​ដេក​ក្នុង​គភ៌ តែង​កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ នេះ​ហេតុ ២ នៃ​សត្វ​ទាំង​នុ៎ះ កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ ក្នុង​កាមធាតុ។ អហេតុកៈ នៃ​ពួក​សត្វ​ដ៏​សេស កើត​ប្រាកដ។ ចុះ​អាហារ ៤ នៃ​សត្វ​ទាំងពួង កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ ក្នុង​កាមធាតុ តើ​ដូចម្ដេច។ កព​ឡិង្កា​រា​ហារ ១ ផស្សាហារ ១ មនោសញ្ចេតនា​ហារ ១ វិញ្ញា​ណា​ហារ ១ នេះ​អាហារ ៤ នៃ​សត្វ​ទាំងពួង កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ ក្នុង​កាមធាតុ។ ចុះ​ផស្សៈ ១ នៃ​សត្វ​ទាំងពួង កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ ក្នុង​កាមធាតុ តើ​ដូចម្ដេច។ មនោវិញ្ញាណ​ធា​តុ​សម្ផ័​ស្សៈ នេះ​ផស្សៈ ១ នៃ​សត្វ​ទាំងពួង កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ ក្នុង​កាមធាតុ។
ថយ | ទំព័រទី ៣២០ | បន្ទាប់