បដិសម្ភិទា ៣ មិនមែន​ជា​របស់​សេក្ខបុគ្គល ទាំង​មិនមែន​ជា​របស់​អសេក្ខ​បុគ្គល អត្ថប្បដិសម្ភិទា ជា​របស់​សេក្ខបុគ្គល​ក៏​មាន មិនមែន​ជា​របស់​អសេក្ខ​បុគ្គល​ក៏​មាន មិនមែន​ជា​របស់​សេក្ខបុគ្គល ទាំង​មិនមែន​ជា​របស់​អសេក្ខ​បុគ្គល​ក៏​មាន។ បដិសម្ភិទា ៣ មាន​សភាព​តូចឆ្មារ អត្ថប្បដិសម្ភិទា មាន​សភាព​តូចឆ្មារ​ក៏​មាន ប្រមាណ​មិនបាន​ក៏​មាន។ និរុត្តិប្បដិ​សម្ភិទា មាន​អារម្មណ៍​តូចឆ្មារ បដិសម្ភិទា ៣ មាន​អារម្មណ៍​តូចឆ្មារ​ក៏​មាន មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ​ក៏​មាន មាន​អារម្មណ៍​ប្រមាណ​មិនបាន​ក៏​មាន។ បដិសម្ភិទា ៣ ជា​កណ្តាល អត្ថប្បដិសម្ភិទា ជា​កណ្តាល​ក៏​មាន ឧត្តម​ក៏​មាន។ បដិសម្ភិទា ៣ មាន​សភាព​មិន​ទៀង អត្ថប្បដិសម្ភិទា មាន​សភាព​ត្រូវ និង​ទៀង​ក៏​មាន មាន​សភាព​មិន​ទៀង​ក៏​មាន។ និរុត្តិប្បដិ​សម្ភិទា មិន​គួរ​ពោល​ថា មាន​មគ្គ​ជា​អារម្មណ៍​ផង ថា​មាន​មគ្គ​ជាហេតុ​ផង ថា​មាន​មគ្គ​ជា​អធិបតី​ផង​ឡើយ អត្ថប្បដិសម្ភិទា មិន​មាន​មគ្គ​ជា​អារម្មណ៍​ទេ តែ​មាន​មគ្គ​ជាហេតុ​ក៏​មាន មាន​មគ្គ​ជា​អធិបតី​ក៏​មាន មិន​គួរ​ពោល​ថា​មាន​មគ្គ​ជាហេតុ​ផង ថា​មាន​មគ្គ​ជា​អធិបតី​ផង​ក៏​មាន បដិសម្ភិទា ២ មាន​មគ្គ​ជា​អារម្មណ៍ តែ​មិន​មាន​មគ្គ​ជាហេតុ​ក៏​មាន មាន​មគ្គ​ជា​អធិបតី​ក៏​មាន មិន​គួរ​ពោល​ថា មាន​មគ្គ​ជា​អារម្មណ៍​ផង ថា​មាន​មគ្គ​ជា​អធិបតី​ផង​ក៏​មាន។
ថយ | ទំព័រទី ៥០ | បន្ទាប់