[១៤៥] បណ្តា​ធម៌​ទាំងនោះ សេចក្តី​បិទបាំង​ទោស​របស់​ខ្លួន តើ​ដូចម្តេច។ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ប្រព្រឹត្ត​ទុច្ចរិត​ដោយ​កាយ ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា ប្រព្រឹត្ត​ទុច្ចរិត​ដោយចិត្ត តម្កល់ទុក​នូវ​សេចក្តី​ប្រាថ្នា​ដ៏​លាមក ព្រោះ​បិទបាំង​នូវ​អំពើទុច្ចរិត​នោះ ជាហេតុ ប្រាថ្នា​ថា ពួក​ជននី​មួយ កុំ​ដឹង​នូវ​អាត្មាអញ​ឡើយ ត្រិះរិះ​ថា ពួក​ជននី​មួយ កុំ​ដឹង​នូវ​អាត្មាអញ​ឡើយ ពោល​វាចា​ថា ពួក​ជននី​មួយ កុំ​ដឹង​នូវ​អាត្មាអញ​ឡើយ ខ្នះខ្នែង​ដោយ​កាយ​ថា ពួក​ជននី​មួយ កុំ​ដឹង​នូវ​អាត្មាអញ​ឡើយ ការ​បិទបាំង​ទោស​របស់​ខ្លួន ភាព​នៃ​បុគ្គល​បិទបាំង​ទោស​របស់​ខ្លួន ការ​ធ្វើ​នូវ​អំពើអាក្រក់ ហើយ​បិទបាំង​ទុកឲ្យ​កន្លង​ហួស​ទៅ ការ​បញ្ឆោត ការ​បោក​ប្រាស ការ​គេចកែ ការ​ពង្វេះ​ពង្វាង ការ​បិទបាំង ការ​លាក់បំពួន ការ​គ្រប​ទុក ការ​គ្រប​លុប ការ​មិន​ធ្វើឲ្យ​ច្បាស់ ការ​មិន​ធ្វើឲ្យ​ប្រាកដ ការ​បិទបាំង​ខ្លាំង ការ​ធ្វើ​នូវ​អំពើអាក្រក់ មាន​សភាព​យ៉ាងនេះ ណា នេះ​ហៅថា សេចក្តី​បិទបាំង​ទោស​របស់​ខ្លួន។ បណ្តា​ធម៌​ទាំងនោះ សេចក្តី​អួតអាង តើ​ដូចម្តេច។ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ជា​អ្នក​អួតអាង ជា​អ្នក​អួតអាង​ខ្លាំង ការ​អួតអាង អាការ​អួតអាង សេចក្តី​អួតអាង សេចក្តី​រឹងរូស អាការ​រឹងរូស អាការ​ប៉ិនប្រសប់ សេចក្តី​ប៉ិនប្រសប់ មាន​ក្នុង​បុគ្គល​នោះ ណា នេះ​ហៅថា សេចក្តី​អួតអាង។
ថយ | ទំព័រទី ១៧៦ | បន្ទាប់