(ការ​អស់​ទៅ​នៃ​អាសវៈ​របស់​បុគ្គល កាល​ដឹង កាល​ឃើញថា) រូប​ដូច្នេះ។បេ។ ការ​វិនាស​ទៅ​នៃ​វិញ្ញាណ ដូច្នេះ ម្នាល​ភិក្ខុ​ទាំងឡាយ ការ​អស់​ទៅ​នៃ​អាសវៈ​របស់​បុគ្គល កាល​ដឹង​យ៉ាងនេះ កាល​ឃើញ​យ៉ាងនេះ​ឯង ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ បើ​ដូច្នោះ អ្នក​មិន​គួរ​ពោល​ថា បរ​វិ​តារ​ណា របស់​ព្រះអរហន្ត មាន​ទេ។
 [១២៣] បរ​វិ​តារ​ណា របស់​ព្រះអរហន្ត មាន​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត ពោល​នូវ​ការ​អស់​ទៅ​នៃ​អាសវៈ របស់​បុគ្គល កាល​ដឹង កាល​ឃើញ មិន​ពោល​នូវ​ការ​អស់​ទៅ​នៃ​អាសវៈ របស់​បុគ្គល កាល​មិនដឹង មិន​ពោល​នូវ​ការ​អស់​ទៅ​នៃ​អាសវៈ របស់​បុគ្គល កាល​មិនឃើញ​ទេ ម្នាល​ភិក្ខុ​ទាំងឡាយ ការ​អស់​ទៅ​នៃ​អាសវៈ​របស់​បុគ្គល កាល​ដឹង​ដូចម្តេច កាល​ឃើញ​ដូចម្តេច ម្នាល​ភិក្ខុ​ទាំងឡាយ ការ​អស់​ទៅ​នៃ​អាសវៈ​របស់​បុគ្គល កាល​ដឹង កាល​ឃើញថា នេះ​ទុក្ខ ថា​នេះ​ហេតុ​កើតឡើង​នៃ​ទុក្ខ។បេ។ ថា​នេះ​ទី​រលត់ទុក្ខ។បេ។ ការ​អស់​ទៅ​នៃ​អាសវៈ​របស់​បុគ្គល កាល​ដឹង កាល​ឃើញថា នេះ​សេចក្តី​ប្រតិបត្តិ ជា​ដំណើរ​ទៅកាន់​ទី​រលត់ទុក្ខ ម្នាល​ភិក្ខុ​ទាំងឡាយ ការ​អស់​ទៅ​នៃ​អាសវៈ របស់​បុគ្គល កាល​ដឹង​យ៉ាងនេះ កាល​ឃើញ​យ៉ាងនេះ​ឯង ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ បើ​ដូច្នោះ អ្នក​មិន​គួរ​ពោល​ថា បរ​វិ​តារ​ណា របស់​ព្រះអរហន្ត មាន​ទេ។
ថយ | ទំព័រទី ៤៧ | បន្ទាប់