ម្នាល​ភិក្ខុ​ទាំងឡាយ ជរា និង​មរណៈ (កើតមាន) ព្រោះ​ជាតិ​ជា​បច្ច័យ ការ​កើតឡើង​នៃ​តថាគត​ទាំងឡាយ​ក្តី ការ​មិនកើត​ឡើង​នៃ​តថាគត​ទាំងឡាយ​ក្តី ក៏​ធាតុ​នោះ ភាព​នៃ​ការឋិតនៅ​នៃ​ធម៌ ភាព​នៃ​ការកំណត់​នូវ​ធម៌ ភា​ពនៃឥទ​ប្ប​ច្ច័​យនោះ រមែង​តាំងនៅ​ជា​ធម្មតា តថាគត ត្រាស់​ដឹង​ច្បាស់ យល់​ច្បាស់ នូវ​ហេតុ មាន​ធាតុ​ជាដើម​នោះ លុះ​ត្រាស់​ដឹង​ច្បាស់ យល់​ច្បាស់​ហើយ ទើប​ប្រាប់ សំដែង បញ្ញត្ត តែងតាំង បើក វែកញែក ធ្វើឲ្យ​រាក់ ប្រកាស​ថា អ្នក​ទាំងឡាយ ចូរ​មើលចុះ ម្នាល​ភិក្ខុ​ទាំងឡាយ ជរា និង​មរណៈ (កើតមាន) ព្រោះ​ជាតិ​ជា​បច្ច័យ ម្នាល​ភិក្ខុ​ទាំងឡាយ ជាតិ (កើតមាន) ព្រោះ​ភព​ជា​បច្ច័យ។បេ។ ម្នាល​ភិក្ខុ​ទាំងឡាយ សង្ខារ​ទាំងឡាយ (កើតមាន) ព្រោះ​អវិជ្ជា​ជា​បច្ច័យ ការ​កើតឡើង​នៃ​តថាគត​ទាំងឡាយ​ក្តី ការ​មិនកើត​ឡើង​នៃ​តថាគត​ទាំងឡាយ​ក្តី ក៏​ធាតុ​នោះ រមែង​តាំងនៅ​ជា​ធម្មតា។បេ។ ប្រកាស​ថា អ្នក​ទាំងឡាយ ចូរ​មើលចុះ ម្នាល​ភិក្ខុ​ទាំងឡាយ សេចក្តី​ពិត សេចក្តី​មិន​ឃ្លៀងឃ្លាត សេចក្តី​មិន​ប្រែប្រួល ភា​ពនៃឥទ​ប្ប​ច្ច័​យណា ក្នុង​ធម៌​ទាំងនោះ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ សង្ខារ​ទាំងឡាយ (កើតមាន) ព្រោះ​អវិជ្ជា​ជា​បច្ច័យ​ដូច្នេះ ម្នាល​ភិក្ខុ​ទាំងឡាយ នេះ​ហៅថា បដិច្ចសមុប្បាទ ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ បដិច្ចសមុប្បាទ ជា​អសង្ខ​តៈ។
ថយ | ទំព័រទី ២៥១ | បន្ទាប់