អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុណ្យ និង​មិនមែន​បុណ្យ(បាប) ទាំងពីរ នៃ​បុគ្គល​សមាទាន​បាបកម្ម ហើយ​ឲ្យ​ទាន រមែង​ចម្រើន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុណ្យ និង​មិនមែន​បុណ្យ ទាំងពីរ រមែង​ចម្រើន​ឬ។ អើ។ ការប្រជុំ​នៃ​ផស្សៈ​ពីរ។បេ។ នៃ​ចិត្តពីរ មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ការប្រជុំ​នៃ​ផស្សៈ​ពីរ។បេ។ នៃ​ចិត្តពីរ មាន​ឬ។ អើ ពួក​ធម៌​ជាកុសល និង​អកុសល ប្រកបដោយ​ទោស និង​មិន​មានទោស ថោកទាប និង​ឧត្តម មាន​ចំណែក​ខ្មៅ និង​ស មកកាន់​ភាព​ចំពោះមុខ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ពួក​ធម៌​ជាកុសល និង​អកុសល ប្រកបដោយ​ទោស និង​មិន​មានទោស ថោកទាប និង​ឧត្តម មាន​ចំណែក​ខ្មៅ និង​ស មកកាន់​ភាព​ចំពោះមុខ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ធម្មជាត​ដែល​ឆ្ងាយ​ក្រៃលែង​ឆ្ងាយ​នេះ មាន ៤ យ៉ាង។ ធម្មជាត​ឆ្ងាយ​ក្រៃលែង​ឆ្ងាយ ៤ យ៉ាង តើ​ដូចម្តេច។ ម្នាល​ភិក្ខុ​ទាំងឡាយ មេឃ និង​ផែនដី នេះ​ជា​ធម្មជាត​ឆ្ងាយ​ក្រៃលែង​ឆ្ងាយ ទី១។បេ។ ព្រោះហេតុនោះ ធម៌​របស់​ពួក​សប្បុរស ឆ្ងាយ​អំពី​ពួក​អសប្បុរស ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ អ្នក​មិន​គួរ​ពោល​ថា ពួក​ធម៌​ជាកុសល និង​អកុសល ប្រកបដោយ​ទោស និង​មិន​មានទោស ថោកទាប និង​ឧត្តម មាន​ចំណែក​ខ្មៅ និង​ស មកកាន់​ភាព​ចំពោះមុខ​ទេ។
ថយ | ទំព័រទី ៤២៨ | បន្ទាប់