ម្នាល​ភិក្ខុ​ ​អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ​។​ ​សម័យ​នោះ​ឯង​ ​មាន​បុរស​ម្នាក់​មាន​ប្រពន្ធ​ពីរ​ ​(​តែ​)​ ​ប្រពន្ធ​ម្នាក់​នោះ​ជា​ស្រីអារ​ ​ម្នាក់ទៀត​ជា​ស្រី​មានកូន​។​ ​ស្រីអារ​និយាយ​នឹង​ភិក្ខុ​ជា​ជីតុន​ថា​ ​បពិត្រ​លោកម្ចាស់​ ​បើ​ស្រី​នោះ​សម្រាលកូន​ ​មុខតែ​នឹង​បាន​ជាធំ​លើ​ទ្រព្យសម្បត្តិ​ទាំងអស់​ ​សូមទាន​មេត្តា​ចុះលោក​ម្ចាស់​ ​សូមទាន​ប្រាប់​ថ្នាំរំលូត​គភ៌​វា​ចេញ​។​ ​ភិក្ខុ​ទទួល​ថា​ ​ស្រួល​ហើយ​ប្អូនស្រី​ ​(​ថា​ហើយ​)​ ​ក៏បាន​ឲ្យ​ថ្នាំរំលូត​គភ៌​ដល់​ស្រី​នោះ​។​ ​ទារក​ ​(​ដែល​នៅក្នុង​គភ៌​)​ ​ក៏​ធ្វើ​មរណកាល​ទៅ​។​ ​ឯ​ម្តាយ​មិនបាន​ធ្វើ​មរណកាល​ទេ​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ​។​ ​សម័យ​នោះ​ឯង​ ​មាន​បុរស​ម្នាក់​មាន​ប្រពន្ធ​ពីរ​ ​ប្រពន្ធ​ម្នាក់​ជា​ស្រីអារ​ ​ម្នាក់​ជា​ស្រី​មានកូន​។​ ​ឯ​ស្រីអារ​និយាយ​នឹង​ភិក្ខុ​ជា​ជីតុន​ថា​ ​បពិត្រ​លោកម្ចាស់​ ​បើ​ស្រី​នោះ​សម្រាលកូន​ ​គេ​នឹង​បាន​ជាធំ​លើ​ទ្រព្យសម្បត្តិ​ទាំងអស់​ ​សូមទាន​មេត្តា​ចុះ​ ​លោកម្ចាស់​ ​សូមទាន​ប្រាប់​ថ្នាំរំលូត​គភ៌​វា​ចេញ​។​ ​ភិក្ខុ​ជា​ជីតុន​ទទួល​ថា​ ​ស្រួល​ហើយ​ប្អូនស្រី​ ​(​ថា​ហើយ​)​ ​ក៏បាន​ឲ្យ​ថ្នាំរំលូត​គភ៌​ដល់​ស្រី​នោះ​។​ ​ម្តាយ​ក៏​ធ្វើ​មរណកាល​ទៅ​។​ ​ឯ​ទារក​មិន​ធ្វើ​មរណកាល​ទេ​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​បារាជិក​ទេ​
ថយ | ទំព័រទី ២៧៤ | បន្ទាប់