ទើបពោលទោស តិះដៀល បន្តុះបង្អាប់ថា ព្រះមហាមោគ្គល្លានដ៏មានអាយុពោលអួតឧត្តរិមនុស្សធម្ម។ គ្រានោះ ព្រះដ៏មានព្រះភាគត្រាស់ហៅពួកភិក្ខុ មកហើយត្រាស់ប្រាប់ថា ម្នាលភិក្ខុទាំងឡាយ សាវកទាំងឡាយមានចក្ខុកើតពិតហើយ ម្នាលភិក្ខុទាំងឡាយ សាវកទាំងឡាយមានញាណកើតពិតហើយ ព្រោះហេតុថា សាវកនឹងដឹង ឬនឹងឃើញ ប្រេតបែបនេះ ឬថានឹងធ្វើប្រេតបែបនេះឲ្យជាបន្ទាល់ (របស់តថាគត) ម្នាលភិក្ខុទាំងឡាយ សត្វនោះ តថាគតបានឃើញពីក្នុងកាលមុនរួចមកហើយ ប៉ុន្តែតថាគតមិនបានសំដែង ព្រោះថា បើតថាគត សំដែងទៅ ពពួកជនដទៃមិនជឿ (ពាក្យ) តថាគត ពពួកជនណាដែលមិនជឿតថាគត សេចក្តីដែលមិនជឿនោះនឹងនាំឲ្យខានបានប្រយោជន៍ នាំឲ្យបានសេចក្តីទុក្ខអស់កាលយូរអង្វែងដល់ពពួកជនទាំងនោះ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ (កាលពីដើម) ជាអ្នកពិឃាតគោ ក្នុងក្រុងរាជគ្រឹះនេះឯង ដោយកម្មវិបាកនោះ អ្នកពិឃាតគោនោះទៅឆេះនៅក្នុងនរកអស់ឆ្នាំដ៏ច្រើន គឺអស់រយពាន់ សែនឆ្នាំ ដ៏ច្រើន ដោយសេសសល់នៃកម្មវិបាកនោះ ក៏ត្រឡប់មកទទួលផលគឺ ត្រឡប់បានូវអត្តភាព បែបនេះឯង។ ម្នាលភិក្ខុទាំងឡាយមោគ្គល្លានពោលពាក្យពិត ម្នាលភិក្ខុទាំងឡាយ មោគ្គល្លានមិនត្រូវអាបត្តិ