(នោះ) គឺភិក្ខុនាំយករសដែលមិនជាទីគាប់ចិត្ត មុខគួរខ្ពើមឆ្អើម ដោយតាំងចិត្តថា មនុស្សណាមួយបានជញ្ជក់ជញ្ជាប់រសនេះហើយ នឹងស្លាប់ ព្រោះជារសគួរខ្ពើមឆ្អើម ដូច្នេះ ត្រូវអាបត្តិទុក្កដ។ កាលបើគេជញ្ជក់ជញ្ជាប់រសនោះហើយ មានទុក្ខវេទនាកើតឡើង ព្រោះជារបស់គួរខ្ពើមឆ្អើម ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។ លុះគេស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក។ ភិក្ខុនាំយករសជាទីគាប់ចិត្ត ដោយបំណងថា មនុស្សណាមួយបានជញ្ជក់ជញ្ជាប់រសនេះហើយ នឹងក្រៀមក្រំស្លាប់ ព្រោះមិនបាន (ដូចបំណង) ដូច្នេះ ត្រូវអាបត្តិទុក្កដ។ លុះគេជញ្ជក់ជញ្ជាប់រសនោះហើយ កើតក្រៀមក្រំ ព្រោះមិនបាន (តាមបំណង) ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។ (បើ) គេស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក។ ដែលហៅថា សម្លាប់ដោយសម្ផស្ស (នោះ) គឺភិក្ខុនាំយកផោដ្ឋព្វមិនជាទីគាប់ចិត្ត ដែលមានសម្ផស្សនាំមកនូវសេចក្តីទុក្ខ ដែលមានសម្ផស្សរឹង ដោយបំណងថា មនុស្សណាមួយបានពាល់ត្រូវសម្ផស្សនេះ មុខជានឹងស្លាប់ ដូច្នេះ ត្រូវអាបត្តិទុក្កដ។ (បើ) ទុក្ខវេទនាកើតឡើងដល់បុគ្គលដែលបានពាល់ត្រូវសម្ផស្សនោះ ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។ លុះគេស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក។ ភិក្ខុនាំយកផោដ្ឋព្វជាទីគាប់ចិត្ត ដែលមានសម្ផស្សជាសុខ ដែលមានសម្ផស្សទន់