ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពីព្រោះ​ដុំ​បាយ​របស់​ជន​អ្នក​នៅក្នុង​ដែន​ ​គឺ​ភិក្ខុ​នោះ​ឯង​លួច​យក​មក​បរិភោគ​។​ ​(​ព្រះសម្ពុទ្ធ​ជា​ម្ចាស់​ ​ទ្រង់​ប្រាថ្នា​នឹង​ធ្វើ​សេចក្តី​នោះ​ឲ្យ​ច្បាស់លាស់​ឡើង​ ​ទើប​ត្រាស់​សំដែង​សេចក្តី​ជា​គាថា​តទៅទៀត​ថា​)​ ​
​ភិក្ខុ​ណា​មានខ្លួន​តាំងនៅ​ដោយ​អាការ​ដទៃ​ ​គឺថា​ខ្លួន​មាន​កាយសមាចារ​មិន​បរិសុទ្ធ​ជាដើម​ ​ហើយ​ញុំាង​អ្នកដទៃ​ឲ្យដឹង​ថា​ខ្លួន​តាំងនៅ​ដោយ​អាការ​ដទៃ​ ​គឺថា​ខ្លួន​មាន​កាយសមាចារ​ជាដើម​ស្អាត​វិញ​ ​ភិក្ខុ​នោះ​ឯង​ហៅថា​ ​លួច​ភោជន​គេ​មក​បរិភោគ​ ​ដូចជា​ព្រាន​សត្វស្លាប​ ​លបលាក់​ខ្លួន​ប្រប​គុម្ពឈើ​ ​បម្រុង​ចាំ​បាញ់សត្វ​។​ ​ភិក្ខុ​ដែល​យក​សម្ព​ត់​កាសាវ​មក​ព័ទ្ធព័ន្ធ​ក​ ​តែ​ប្រព្រឹត្ត​ធម៌​អាក្រក់​ជា​ធម្មតា​ ​គ្មាន​សង្រួម​ ​(​តាម​ធម៌​វិន័យ​)​ ​ឡើយ​ ​ជា​បុគ្គល​លាមក​ក្រៃលែង​សឹង​មាន​ច្រើន​ ​ភិក្ខុ​នោះ​ទៀងតែ​ទៅ​នរក​ ​ព្រោះ​អំពើ​ដែល​ខ្លួន​ធ្វើ​អាក្រក់​។​ ​បរិភោគ​ដុំដែក​ដែល​កំពុង​ឆេះ​ក្តៅ​ ​ឧបមាដូចជា​អណ្តាត​ភ្លើង​វិញ​ ​ប្រសើរ​ជាង​ ​ឯ​ភិក្ខុ​ដែល​ទ្រុស្តសីល​ ​មិន​សង្រួម​ ​(​តាម​ធម៌​វិន័យ​)​ ​នឹង​បរិភោគ​នូវ​ដុំ​អាមិស​របស់​ជន​អ្នក​នៅក្នុង​ដែន​ ​(​នោះ​)​ ​ពុំប្រសើរ​សោះ​ឡើយ​។​
ថយ | ទំព័រទី ២៩៦ | បន្ទាប់