បាន​បញ្ញត្ត​ហើយ​ដល់​សាវក​ទាំងឡាយ​ ​ព្រោះ​ហេតុ​នៃ​ជន​អ្នក​នៅក្នុង​ដែន​វជ្ជី​ទាំងឡាយ​ក្តី​ ​ព្រោះ​ហេតុ​នៃ​វជ្ជី​បុត្ត​ក​ភិក្ខុ​ទាំងឡាយ​ក្តី​ ​ដោយ​អំពើ​ណា​ ​អំពើ​នុ៎ះ​មិនមែន​ជាហេតុ​ ​មិនមែន​ជា​ឱកាស​ឡើយ​។​ ​
 [​២៤​]​ ​ព្រោះ​និទាន​នេះ​ ​ព្រោះ​ដំណើរ​នេះ​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​ទ្រង់​សំ​ដែង​ធម្មី​កថា​ ​ហើយ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ ​ហើយ​មានពុទ្ធដីកា​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ណាមួយ​មិន​ពោល​លាសិក្ខា​ ​មិន​ប្រកាស​ខ្លួន​ថា​ជា​អ្នកមាន​កំឡាំង​ថយ​ ​ហើយ​សេព​មេថុនធម្ម​ ​បើ​ភិក្ខុ​នោះ​មក​ ​(​សូម​ឧបសម្បទា​នឹង​សង្ឃ​ទៀត​)​ ​សង្ឃ​មិន​ត្រូវឲ្យ​ឧបសម្បទា​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​ណាមួយ​ពោល​លាសិក្ខា​ហើយ​ ​ប្រកាស​ខ្លួន​ថា​ជា​អ្នកមាន​កំឡាំង​ថយ​ ​ហើយ​សេព​មេថុនធម្ម​ ​បើ​ភិក្ខុ​នោះ​(​សូម​បួស​ទៀត​)​ ​សង្ឃ​គប្បី​ឲ្យ​ឧបសម្បទា​ចុះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​ដល់​ព្រមដោយ​សិក្ខា​និង​សាជី​វៈ​ ​(​ដែល​តថាគត​បញ្ញត្ត​ហើយ​)​ ​សម្រាប់​ភិក្ខុ​ទាំងឡាយ​ ​ហើយ​មិន​ពោល​លាសិក្ខា​ ​មិន​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ភាវៈ​ជា​អ្នកមាន​កំឡាំង​ថយ​ ​ហើយ​សេព​មេថុនធម្ម​ ​ដោយហោចទៅ​សូម្បីតែ​នឹង​សត្វតិរច្ឆាន​ញី​ ​ភិក្ខុ​នោះ​ត្រូវអាបត្តិ​បារាជិក​ ​រក​សំវាស​គ្មាន​។​
ថយ | ទំព័រទី ៧២ | បន្ទាប់