ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ធ្វើ​ទី​ឲ្យ​ខ្ពស់​ឡើង​។​ ​សន្ទះទ្វារ​បន្ទប់​ ​ក៏​មិនទាន់​មាន​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​សន្ទះទ្វារ​ ​ក្រប​ទ្វារ​ ​ដំណាប់​ក្រោម​ ​ដំណាប់​លើ​ ​មេទ្វារ​ ​ត្រដោក​ទ្វារ​ ​រនុកទ្វារ​ ​គន្លឹះទ្វារ​ខាងលើ​ ​ប្រហោង​សោ​ ​ប្រហោង​សម្រាប់​ទាញ​ ​និង​ខ្សែ​សម្រាប់​ទាញ​។​ ​កំទេច​ស្មៅ​ ​ក៏​ធ្លាក់​រោយរាយ​ចុះ​មក​ ​ក្នុង​បន្ទប់​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​គាប​ដម្បូល​ ​ហើយ​ធ្វើ​ប្រដឹស​ ​ហើយ​លាប​ ​ទាំង​ខាងក្នុង​ ​ខាងក្រៅ​ ​លាប​ឲ្យ​មាន​ពណ៌ស​ ​ពណ៌ខ្មៅ​ ​បរិកម្ម​ដោយ​រង់​ ​ធ្វើជា​ក្បាច់​ភ្ញីផ្កា​ ​ក្បាច់​ភ្ញីវល្លិ​ ​ក្បាច់​ធ្មេញ​មករ​ ​ក្បាច់​មាន​ស្រទាប់៥​។​
 ​[​៣៤៨​]​ ​សម័យ​នោះ​ឯង​ ​ទី​បរិវេណ​ ​មាន​ភក់ជ្រាំ​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​រឿង​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​ឲ្យ​ចាក់​ក្រាល​ក្រួសរវាន​ ​(​នៅ​ទីនោះ​)​។​ ​ក្រួសរវាន​ ​ក៏​មិនបាន​រាបស្មើ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ក្រាល​ថ្ម​។​ ​ទឹក​ក៏​ដក់​នៅ​ ​(​លើ​ថ្ម​នោះ​)​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ប្រឡាយ​ទឹក​។​
ថយ | ទំព័រទី ២៨៥ | បន្ទាប់