អនាថបិណ្ឌិក​គហបតិ​ ​បានឃើញ​ឱទ្យាន​របស់​រាជកុមារ​ឈ្មោះ​ជេត​ ​ជាទី​មិន​ឆ្ងាយ​ពេក​ ​មិន​ជិត​ពេក​ ​អំពី​ស្រុក​ ​ល្មមទៅ​មក​បាន​ ​ល្មម​ពួក​មនុស្ស​ ​ដែល​ត្រូវការ​ដោយ​ប្រយោជន៍​ ​ងាយ​ទៅមក​ ​មិន​ច្រឡូកច្រឡំ​ក្នុង​វេលា​ថ្ងៃ​ ​មានសម្លេង​តិច​ ​ឥតមាន​សម្លេង​គឹកកង​ ​ជាទី​ប្រាសចាក​ខ្យល់បក់​មក​អំពី​សរីរៈ​ ​នៃ​មនុស្ស​គួរ​ជាទី​ធ្វើការ​សម្ងាត់​នៃ​មនុស្ស​ ​ជាទី​គួរ​ដល់​វិវេក​ក្នុង​វេលា​យប់​ ​លុះ​ឃើញ​ហើយ​ ​ក៏​ចូល​ទៅ​រក​ព្រះរាជ​កុមារ​ឈ្មោះ​ជេត​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​ពោល​ពាក្យ​នេះ​ ​នឹង​ព្រះរាជ​កុមារ​ឈ្មោះ​ជេត​ថា​ ​បពិត្រ​ព្រះ​អយ្យ​បុត្រ​ ​សូម​ព្រះអង្គ​ប្រទាន​ឱទ្យាន​មក​ខ្ញុំ​ព្រះអង្គ​ ​ដើម្បីនឹង​ធ្វើ​អារាម​។​ ​ជេត​រាជកុមារ​ឆ្លើយ​ថា​ ​ម្នាល​គហបតិ​ ​អារាម​ខ្ញុំ​ឲ្យ​ ​(​អ្នក​ទទេ​)​ ​មិនបានទេ​ ​លុះតែ​ ​(​អ្នកឲ្យ​ថ្លៃ​)​ ​គឺ​ក្រាល​ដោយ​កោដិ​នៃ​កហាបណៈ​ ​(​ទើប​ឲ្យបាន​)​។​ ​អនាថបិណ្ឌិក​គហបតិ​ឆ្លើយ​ថា​ ​បពិត្រ​ព្រះ​អយ្យ​បុត្រ​ ​អារាម​ ​ខ្ញុំ​ព្រះអង្គ​មុខ​ជា​នឹង​យក​ហើយ​។​ ​ជេត​រាជកុមារ​ឆ្លើយ​ថា​ ​ម្នាល​គហបតិ​ ​អ្នក​កុំអាល​យក​អារាម​ ​(​ចាំ​យើង​សួរ​ពួក​មហាមាត្រ​ ​អ្នក​វិនិច្ឆ័យ​សេចក្តី​សិន​)​។​ ​ជេត​រាជកុមារ​ ​និង​អនាថបិណ្ឌិក​គហបតិ​ ​ក៏​សួរ​ពួក​មហាមាត្រ​ ​អ្នក​វិនិច្ឆ័យ​សេចក្តី​ថា​ ​អារាម​ ​គួរឲ្យ​អនាថបិណ្ឌិក​គហបតិ​យក​ ​ឬមិន​ឲ្យ​យក​ទេ​។​ ​ពួក​មហាមាត្រ​ពោល​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​អយ្យ​បុត្រ​ ​ព្រះអង្គ​បាន​កាត់ថ្លៃ​អារាម​ចំនួន​ប៉ុន្មាន​ ​ក៏​ឲ្យ​អនាថបិណ្ឌិក​គហបតិ​ទទួលយក​ ​ដោយ​ថ្លៃ​ប៉ុណ្ណោះ​ចុះ​។​
ថយ | ទំព័រទី ៣០២ | បន្ទាប់