ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​អង្គុយ​លើ​អាសនៈ​ជា​គិហិ​វិ​ក័ដ​ ​ដែល​ប្លែក​សម្រាប់​គ្រហស្ថ​បាន​ ​តែ​ដេក​មិនបាន​។​
 ​[​៣៧៩​]​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ពុទ្ធដំណើរ​ទៅកាន់​ចារិក​តាមលំដាប់​ ​សំដៅត្រង់​ទៅកាន់​ក្រុង​សាវត្ថី​។​ ​មានរឿង​ដំណាល​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​នោះ​។​ ​លំដាប់នោះ​ ​អនាថបិណ្ឌិក​គហបតិ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​អនាថបិណ្ឌិក​គហបតិ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ពាក្យ​នេះ​ ​ចំពោះ​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់​ទទួល​ភត្ត​ ​របស់ខ្ញុំ​ព្រះអង្គ​ ​ដើម្បី​ភត្តកិច្ច​ក្នុង​ថ្ងៃស្អែក​ ​ជាមួយនឹង​ភិក្ខុសង្ឃ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ទទួល​និមន្ត​ដោយ​តុណ្ហីភាព​។​ ​លុះ​អនាថបិណ្ឌិក​គហបតិ​ ​ដឹង​ច្បាស់​ថា​ ​ព្រះមានព្រះភាគ​ ​ទទួល​និមន្ត​ហើយ​ ​ក៏​ក្រោក​ចាក​អាសនៈ​ ​ថ្វាយបង្គំលា​ព្រះមានព្រះភាគ​ ​ធ្វើ​ប្រទក្សិណ​ ​ហើយ​ចៀសចេញ​ទៅ​។​
ថយ | ទំព័រទី ៣១៩ | បន្ទាប់