[​៤០៩​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ទទួលយក​នវកម្ម​ ​(​ក្នុង​វិហារ​របស់​សង្ឃ​)​ ​ហើយ​ហាមឃាត់​សេនាសនៈ​របស់​សង្ឃ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ទទួលយក​វន​កម្ម​ ​ហើយ​ហាមឃាត់​សេនាសនៈ​របស់​សង្ឃ​ទេ​ ​ភិក្ខុ​ណា​ហាមឃាត់​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​(​ឲ្យ​ភិក្ខុ​ដែល​ធ្វើការ​នោះ​)​ ​ទទួលយក​ទីដេក​ដ៏​ប្រសើរ១​ ​(​បន្ទប់​បាន​)​។​
 [​៤១០​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ឲ្យ​នវកម្ម​ ​ដល់​ភិក្ខុ​នៅក្នុង​ទី​ឥត​សីមា​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវឲ្យ​នវកម្ម​ ​ដល់​ភិក្ខុ​នៅក្នុង​ទី​ឥត​សីមា​ទេ​ ​ភិក្ខុ​ណា​ឲ្យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​៤១១​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ទទួលយក​នវកម្ម​ ​ហើយ​ហាមឃាត់​គ្រប់​កាល​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ទទួលយក​នវកម្ម​ ​ហើយ​ហាមឃាត់​គ្រប់​កាល​ទេ​ ​ភិក្ខុ​ណា​ហាមឃាត់​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​ឲ្យ​ហាមឃាត់​ត្រឹម៣ខែ​ ​នៃ​វស្សានរដូវ​ ​(​ប៉ុណ្ណោះ​)​ ​មិនមែន​ហាមឃាត់​គ្រប់​កាល​នៃ​រដូវ​ទេ​។​
ថយ | ទំព័រទី ៣៥០ | បន្ទាប់