អំពីទឹកក្តី អន្តរាយអំពីមនុស្សក្តី អន្តរាយអំពីអមនុស្សក្តី អន្តរាយអំពីសត្វសាហាវក្តី អន្តរាយអំពីសត្វពស់តូច និងពស់ធំក្តី អន្តរាយអំពីជីវិតក្តី អន្តរាយព្រហ្មចរិយធម៌ក្តី ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលបើប្រាថ្នា ក៏គប្បីសូត្រក្នុងកណ្តាលជំនុំសង្ឃ ចំពោះបុគ្គល ដែលនៅក្នុងទីចំពោះមុខនោះ ក្នុងអាវាសនោះ ឬក្នុងអាវាសណាមួយបានថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ពាក្យពណ៌នាអំពីបារាជិក របស់បុគ្គលឈ្មោះនេះ សង្ឃធ្វើមិនទាន់ស្រេចនៅឡើយទេ (ព្រោះ) រឿងនោះ សង្ឃមិនទាន់វិនិច្ឆ័យដាច់ស្រេច បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីវិនិច្ឆ័យរឿងនោះចុះ។ បើសង្ឃបានវិនិច្ឆ័យរឿងនោះដាច់ស្រេច នេះជាការល្អ បើបែរជាវិនិច្ឆ័យមិនបានវិញ ភិក្ខុត្រូវសូត្រក្នុងកណ្តាលជំនុំសង្ឃ ចំពោះបុគ្គលដែលនៅក្នុងទីចំពោះមុខនោះ ក្នុងថ្ងៃចាតុទ្ទសី ឬបណ្ណរសីឧបោសថនោះថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ពាក្យពណ៌នាអំពីបារាជិក របស់បុគ្គលឈ្មោះនេះ សង្ឃធ្វើមិនទាន់ស្រេចនៅឡើយ (ព្រោះ) រឿងនោះ សង្ឃមិនទាន់វិនិច្ឆ័យដាច់ស្រេច ឥឡូវ ខ្ញុំនឹងបញ្ឈប់បាតិមោក្ខ ដល់បុគ្គលនោះ កាលបើបុគ្គលនោះ នៅក្នុងទីចំពោះមុខ សង្ឃមិនត្រូវសំដែងបាតិមោក្ខទេ។ ការបញ្ឈប់បាតិមោក្ខ (នេះ) ឈ្មោះថា ប្រកបដោយធម៌។