ភិក្ខុ​ត្រូវ​កាន់​យក​នូវ​អត្តា​ទាន​នោះ​ចុះ​ ​ម្នាល​ឧបាលិ​ ​អត្តា​ទាន​ប្រកបដោយ​អង្គ៥ប្រការ​ ​ដូច​បាន​សំដែង​មកនេះ​ឯង​ ​កាលបើ​ភិក្ខុ​កាន់​យក​ហើយ​ ​នឹង​មិន​ធ្វើឲ្យ​កើត​សេចក្តី​ក្តៅក្រហាយ​ចិត្ត​ ​ក្នុង​កាល​ជា​ខាងក្រោយ​ឡើយ​។​
 [​១៦៤​]​ ​ព្រះ​ឧបាលិ​ក្រាបបង្គំទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​អ្នកចោទ​ ​មានបំណង​នឹង​ចោទ​ភិក្ខុ​ដទៃ​ ​តើ​ត្រូវ​ពិចារណា​ធម៌​ចំពោះខ្លួន​ឯង​ ​មាន​ប៉ុន្មាន​សិន​ ​ទើប​គួរ​នឹង​ចោទ​ភិក្ខុ​ដទៃ​បាន​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ឧបាលិ​ ​ឯ​ភិក្ខុ​អ្នកចោទ​មានបំណង​នឹង​ចោទ​ភិក្ខុ​ដទៃ​ ​ត្រូវ​ពិចារណា​ធម៌៥ប្រការ​ ​ចំពោះខ្លួន​ឯង​សិន​ ​រួច​សឹម​ចោទ​ភិក្ខុ​ដទៃ​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​អ្នកចោទ​មានបំណង​នឹង​ចោទ​ភិក្ខុ​ដទៃ​ ​ត្រូវ​ពិចារណា​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​មាន​កាយសមាចារ​បរិសុទ្ធ​ឬ​ហ្ន៎​ ​អាត្មាអញ​ ​ជា​អ្នក​ប្រកបដោយ​កាយសមាចារ​បរិសុទ្ធ​ ​មិន​ធ្លុះធ្លាយ​ ​មិន​មាន​ទំនង​គួរឲ្យ​គេ​ចាប់ថ្នាក់​បាន​ ​ធម៌​នុ៎ះ​មាន​គ្រប់គ្រាន់​ដល់​អាត្មាអញ​ ​ឬមិន​មាន​ទេ​។​ ​ម្នាល​ឧបាលិ​ ​បើ​ភិក្ខុ​មាន​កាយសមាចារ​មិន​បរិសុទ្ធ​ទេ​ ​(​តែ​ហាក់ដូច​)​ ​ជា​អ្នក​ប្រកបដោយ​កាយសមាចារ​បរិសុទ្ធ​ ​មិន​ធ្លុះធ្លាយ​ ​មិន​មាន​ទំនង​គួរឲ្យ​គេ​ចាប់ថ្នាក់​បាន​ ​ភិក្ខុ​នោះ​ឯង​គង់មាន​អ្នកផង​ស្តី​ដាស់តឿន​ថា​ ​នែ​លោក​ដ៏​មាន​អាយុ​ ​ចូរ​លោក​សិក្សា​នូវ​សមាចារ​ផ្លូវកាយ​ជាមុន​សិន​ ​ភិក្ខុ​នោះ​គង់មាន​អ្នកផង​ស្តី​ដាស់តឿន​ ​ដូច​សំដែង​មកនេះ​ឯង​។​
ថយ | ទំព័រទី ២៤៥ | បន្ទាប់