ត្រូវសួររកទីសម្រាប់បន្ទោបង់បស្សាវៈ ត្រូវសួររកទឹកសម្រាប់ឆាន់ ត្រូវសួររកឈើច្រត់ ត្រូវសួររករបៀបនៃកតិកា គឺសេចក្តីប្តេជ្ញារបស់សង្ឃថា គួរចូលទៅក្នុងពេលណា គួរចេញមកវិញក្នុងពេលណា បើវិហារគ្មានភិក្ខុណានៅទេ អាគន្តុកភិក្ខុ ត្រូវគោះសន្ទះទ្វារ ហើយរង់ចាំមួយស្របក់ ដកគន្លឹះ ហើយច្រានសន្ទះទ្វារ ហើយឈរខាងក្រៅ ពិនិត្យឲ្យគ្រប់សព្វ បើវិហារមានសម្រាមក្តី គេតម្រួតគ្រែលើគ្រែក្តី គេតម្រួតតាំងលើតាំងក្តី គេបានតម្រួតសេនាសនៈគរទុកលើគ្នាក្តី បើអាគន្តុកភិក្ខុអាច (ដើម្បីសំអាតបាន) ត្រូវសំអាតចេញ កាលសំអាតវិហារ មុនដម្បូង ត្រូវជញ្ជូនកម្រាលផ្ទាល់ផែនដី ទៅទុកដាក់ក្នុងទីដ៏សមគួរ ត្រូវយកទ្រនាប់គ្រែទាំងឡាយទៅទុកដាក់ក្នុងទីដ៏សមគួរ ត្រូវជញ្ជូនយកពូក និងខ្នើយទៅទុកដាក់ក្នុងទីដ៏សមគួរ ត្រូវជញ្ជូនយកកម្រាលសម្រាប់អង្គុយទៅទុកដាក់ក្នុងទីដ៏សមគួរ អាគន្តុកភិក្ខុ ត្រូវលើកគ្រែបន្ទាបកុំឲ្យទង្គិច កុំឲ្យប៉ះនឹងសន្ទះទ្វារ នឹងក្របទ្វារ ហើយជញ្ជូនឲ្យស្រួល យកទៅទុកក្នុងទីដ៏សមគួរ ត្រូវលើកតាំងបន្ទាប កុំឲ្យទង្គិច កុំឲ្យប៉ះនឹងសន្ទះទ្វារ នឹងក្របទ្វារ ហើយជញ្ជូនឲ្យស្រួល