ភិក្ខុ​ទាំងឡាយ​ណា​ ​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​មិន​គួរបើ​ស្លៀក​មិនល្អ​ ​ដណ្តប់​មិនល្អ​ ​ប្រកបដោយ​មារយាទ​មិន​សមគួរ​ ​ដើរទៅ​កាន់​រោង​ភត្ត​សោះ​ ​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទាំងនោះ​ ​ដើរ​ជែង​ទៅ​ខាង​មុ​ខៗ​ ​នៃ​ពួក​ភិក្ខុ​ជា​ថេរៈ​ខ្លះ​ ​ចូល​ទៅ​អង្គុយ​ជ្រៀត​បៀត​ពួក​ភិក្ខុ​ជា​ថេរៈ​ខ្លះ​ ​ឃាត់​ពួក​ភិក្ខុ​ខ្ចី​ដោយ​អាសនៈ​ខ្លះ​ ​អង្គុយ​សង្កត់​សង្ឃាដិ​ ​ក្នុង​ចន្លោះផ្ទះ​ខ្លះ​។​ ​គ្រានោះ​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​ដំណើរ​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​ស្លៀក​មិនល្អ​ ​ដណ្តប់​មិនល្អ​ ​ប្រកបដោយ​មារយាទ​មិន​សមគួរ​ ​ដើរទៅ​កាន់​រោង​ភត្ត​ ​ដើរ​ជែង​ទៅ​ខាង​មុ​ខៗ​ ​នៃ​ពួក​ភិក្ខុ​ជា​ថេរៈ​ខ្លះ​ ​អង្គុយ​ជ្រៀត​បៀត​ភិក្ខុ​ជា​ថេរៈ​ខ្លះ​ ​ឃាត់​ពួក​ភិក្ខុ​ខ្ចី​ដោយ​អាសនៈ​ខ្លះ​ ​អង្គុយ​សង្កត់​សង្ឃាដិ​ ​ក្នុង​ចន្លោះផ្ទះ​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ ​ពិតមែន​។​បេ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បន្ទោស​ហើយ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​តថាគត​នឹង​បញ្ញត្ត​វត្ត​ ​ក្នុង​រោង​ភត្ត​ដល់​ភិក្ខុ​ទាំងឡាយ​ ​តាម​ទំនង​ ​ដែល​ភិក្ខុ​ទាំងឡាយ​ ​គប្បី​ប្រព្រឹត្ត​ដោយ​ប្រពៃ​ក្នុង​រោង​ភត្ត​។​
ថយ | ទំព័រទី ១០៨ | បន្ទាប់