ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​បន្ទោបង់​វច្ចៈ​ហើយ​ ​បើ​ទឹក​មាន​(​១​)​ ​ភិក្ខុ​កុំ​គប្បី​មិន​ជម្រះ​ចេញ​ ​ភិក្ខុ​ណា​មិន​ជម្រះ​ចេញ​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​៩៩​]​ ​សម័យ​នោះ​ ​ភិក្ខុ​ទាំងឡាយ​បន្ទោបង់​វច្ចៈ​ក្នុង​វច្ចកុដិ​ ​តាមលំដាប់​ចាស់​ខ្ចី​។​ ​ភិក្ខុ​ថ្មី​ទាំងឡាយ​ ​ដែល​ឈឺ​វច្ចៈ​មកដល់​មុន​ហើយ​រង់ចាំ​។​ ​ភិក្ខុ​ទាំងនោះ​ខំអត់​ទ្រាំ​វច្ចៈ​ ​ក៏​ជ្រប់​ដួល​ទៅ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បានឮ​ថា​ ​ភិក្ខុ​ទាំងឡាយ​បន្ទោបង់​វច្ចៈ​ក្នុង​វច្ចកុដិ​ ​តាមលំដាប់​ចាស់​ខ្ចី​ ​ភិក្ខុ​ខ្ចី​ទាំងឡាយ​ ​ដែល​ឈឺ​វច្ចៈ​មកដល់​មុន​ហើយ​រង់ចាំ​ ​ភិក្ខុ​ទាំងនោះ​ខំអត់​ទ្រាំ​វច្ចៈ​ ​ក៏​ជ្រប់​ដួល​ទៅ​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបបង្គំទូល​ថា​ ​ពិតមែន​ ​ព្រះអង្គ​។​បេ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​បន្ទោបង់​វច្ចៈ​ ​ក្នុង​វច្ចកុដិ​ ​តាមលំដាប់​ចាស់​ខ្ចី​ទេ​ ​ភិក្ខុ​ណា​បន្ទោបង់​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​បន្ទោបង់​វច្ចៈ​ ​តាមលំដាប់​ដែល​មកដល់​(​២​)​។​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​បើ​មាន​ទឹក​ ​តែ​គ្មាន​ទី​កំបាំង​ ​ភិក្ខុ​ត្រូវ​ដងទឹក​ដោយ​ភាជន៍​យក​មក​ជម្រះ​ ​(​ក្នុង​ទី​កំបាំង​)​។​ ​បើ​គ្មាន​ភាជន៍​សម្រាប់​ដងទឹក​ ​ត្រូវ​ដងដោយ​បាត្រ​។​ ​បើ​បាត្រ​ក៏​គ្មាន​ ​ទាំង​វត្ថុ​ឯទៀត​ក៏​គ្មាន​។​ ​ភិក្ខុ​ត្រូវ​តាំងចិត្ត​ថា​ ​ទីនេះ​ស្រឡះ​ណាស់​ ​ខាងមុខ​គង់មាន​ទឹក​ ​លុះ​ទៅ​រក​ទឹក​មិនបាន​ ​ក៏​ដល់ពេល​ភិក្ខាចារ​ ​ភិក្ខុ​នោះ​នឹង​ជូត​ដោយ​ឈើ​ ​ឬវត្ថុ​អ្វីមួយ​ក៏បាន​។​ ​​(​២​)​ ​អដ្ឋកថា​ ​ថា​ ​វច្ចកុដិ១​ ​ទី​បន្ទោបង់​បស្សាវៈ១​ ​កំពង់​សម្រាប់​ងូតទឹក១​ ​ទាំង៣កន្លែង​នេះ​ ​គួរ​ប្រកាន់​តាមលំដាប់​ភិក្ខុ​ដែល​ទៅដល់​ ​(​មុនក្រោយ​)​។​
ថយ | ទំព័រទី ១៣២ | បន្ទាប់